TNAOT News

· 10-20

ផលិតករលោក កៅ សីហា កំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រៅប្រទេស ក្រោយស្ថានភាពជំងឺធ្ងន់ធ្ងរ

#Social Life# #ជំងឺធ្ងន់ធ្ងរ# #កម្សាន្ត# #តារាខ្មែរ# #ផលិតករលោក កៅ សីហា#

5582

ផលិតករ​មានកេរ្តិ៍ឈ្មោះពីរោះសុះសាយប្រចាំផលិតកម្ម រស្មីហង្សមាស លោក កៅ សីហា ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ បន្ទាប់​ពី​លោក​បាន​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល។ បើ​តាម​ការឲ្យដឹងពីអ្នកស្និតស្នាលក្នុងរង្វង់សិល្បៈលោក vj Alaskoo បាន​បង្ហោះ​សារ​នៅ​លើគណនី​បណ្តាញ​សង្គម​នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ​បានឲ្យ​ដឹង​ថា «បង កៅ សីហា​កំពុង​តែសង្គ្រោះ​បន្ទាន់គាត់​ដាច់​សរសៃឈាម​ខួរក្បាល ឥលូវនេះគាត់កំពុងសម្រាក​នៅ​ពេទ្យ​រុ​ស្ស៊ី»។

ប្រហែលជាពីរម៉ោងក្រោយមកលោក vj Alaskoo ក៏បានបង្ហោះសារមួយទៀតដោយបញ្ជាក់បន្ថែម​ថា «ដោយសារតែស្ថានភាព​ធ្ងន់ធ្ងរ ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​បង ​កៅ សីហា បន្ត​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ ក្នុងប្រទេសវៀតណាម»។

យ៉ាងណាមិញ​ក្រោយពីទទួល​ដំណឹង​ដ៏​រន្ធត់​ខាងលើ​នេះ គេ​ឃើញ​មានសិល្ប​ករ សិល្បការិនីខ្មែរជា​ច្រើនរូប​បាន​បង្ហោះ​សារ​សម្តែង​ក្តី​បារម្ភ និង​បាន​បន់ស្រន់ឲ្យ​លោក កៅ សីហា ឆាប់​ជា​សះស្បើយ និង​វិល​មក​សភាព​ធម្មតា​វិញក្នុងពេល​ឆាប់​ៗខាងមុខនេះ។ ជាក់ស្តែងក៏មានតារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​បង្ហោះ​សារ​ថា «ពេលទទួល​បាន​ដំណឹង​ប្អូន​ កៅ​ សីហា បង​រន្ធត់​ណាស់​សូម​ព្រះ​តាម​ជួយ​ប្អូន រួច​ផុត​ពី​គ្រោះថ្នាក់​នេះ​ផង»។ តារា​សម្តែង​វ័យក្មេង​នាង អាង សុជាតា ក៏​បាន​បង្ហោះ​សារ​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា «សូម​វត្ថុ​ស័​ក្កិ​សិទ្ធិ ទេវតា​ទាំងអស់​ជួយ​ឃុំគ្រង តាម​ថែរក្សា​លោកពូ កៅ សីហា ឲ្យ​ឆាប់​បានដឹង​ខ្លួន​វិញ និង​ជៀស​ផុត​ពី​គ្រោះអាក្រក់​ៗ​ផង​ចុះ»។

គួរឲ្យដឹងដែរថា មុន​ជួប​បញ្ហា​ដាច់​ស​សៃ​ឈាម​ខួរក្បាល លោក កៅ សីហា ក៏​ធ្លាប់មាន​ជំងឺ​មួយ​ដែល​បណ្តាលឲ្យ​លោក​ស្រក​គីឡូ​យ៉ាង​ខ្លាំង រហូត​ធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រសម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ដោយឡែករហូតមកដល់ពេលនេះមិនទាន់ឃើញមានសាច់ញាតិ ឬក្រុមគ្រួសាររបស់​លោក កៅ សីហា បង្ហាញលម្អិតពីស្ថានភាពនៃជំងឺរបស់លោកនៅឡើយទេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស