TNAOT News

· 10-15

លោក Elon Musk បង្ហាញរថយន្ត Cybercab មានតម្លៃមិនដល់ ៣ម៉ឺនដុល្លារ

#លោក Elon Musk# #រថយន្ត# #ក្រុមហ៊ុន Tesla# #បច្ចេកវិទ្យា# #Cybercab# #TNAOT DIGI#

3978

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញម៉ូតរថយន្ត Cybercab ជាមួយបច្ចេកវិទ្យាដ៏ទំនើបដំបូងគេ នៅក្នុងព្រឹត្តិការណ៍ "We, Robot" ដែលបានប្រារព្ធធ្វើឡើងនៅស្ទូឌីយោ Warner Bros ក្នុងទីក្រុង Burbank រដ្ឋ California កាលពីពេលថ្មីៗនេះ។

រថយន្ត Cybercab ថ្មីនេះជាកំណែទំរង់តូចជាងមុន និងស្អាតជាងរថយន្ត Cybertruck ដោយមានកៅអីពីរនិងត្រូវបានរចនាឡើងសម្រាប់ការដឹកជញ្ជូនដោយស្វ័យប្រវត្តិនិងគ្មានមនុស្សបើក (Robotaxi)។

បើតាមការចុះផ្សាយពីគេហទំព័រ The Verge ជុំវិញការធ្វើបទបង្ហាញរបស់លោក Elon Musk បានឲ្យដឹងថា Tesla គ្រោងនឹងផលិតរថយន្ត Cybercab ចំនួន ២០គ្រឿងសម្រាប់បំពេញតម្រូវការនៅក្នុងស្រុក ដែលជាជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅផលិតរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនាថ្ងៃអនាគតរបស់ Tesla។ ចំណែកឯសមត្ថភាពសំខាន់ៗមួយចំនួននៃរថយន្ត Cybercab នេះវិញគឺអាចបើកបរដោយស្វ័យប្រវត្តិតាមដងផ្លូវនៅក្នុងទីលានស្ទូឌីយោ Hollywood ជាមួយរូបរាងដ៏គួរឲ្យទាក់ទាញដោយបំពាក់ទ្វារបែបស្លាបមេអំបៅពីរសងខាងផងដែរ។ 

លោក Musk បានសង្កត់ធ្ងន់ថា បន្ទាប់ពីរថយន្ត Cybercab ប្រកាសចេញលក់ជាផ្លូវការ វាក៏អាចសម្រួលដល់ថ្លៃធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈលោកបានប៉ាន់ប្រមាណថា ថ្លៃធ្វើដំណើរត្រឹមតែ ០.១២ ដុល្លារក្នុងមួយគីឡូម៉ែត្រប៉ុណ្ណោះ។


សូមបញ្ជាក់ដែរថា រថយន្ត Cybercab គ្រោងនឹងផលិតនៅក្នុងឆ្នាំ ២០២៦ និងអាចយូរបំផុតដល់ឆ្នាំ២០២៧ ដែលជំហានដំបូងគ្រោងនឹងដាក់ដំណើរការក្នុងរដ្ឋតិចសាស់ និងកាលីហ្វ័រញ៉ាជាមុនសិន ជាមួយតម្លៃក្រោម ៣០, ០០០ ដុល្លារផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស