TNAOT News

· 05-09

WHO ថាមន្ទីរពេទ្យនៅRafah អាចឈរជើងត្រឹម៣ថ្ងៃទៀតប៉ុណ្ណោះ បើគ្មានឥន្ធនៈប្រើប្រាស់

#ព័ត៌មាន# #ឥន្ធនៈ# #អ៊ីស្រាអែល# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ# #WHO# #Rafah#

7484

អង្គការសុខភាពពិភពលោក បាននិយាយថា មន្ទីរពេទ្យនៅភាគខាងត្បូងតំបន់ហ្គាហ្សា មានឥន្ធនៈប្រើប្រាស់ត្រឹមតែបីថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ប្រតិបត្តិការវេជ្ជសាស្រ្តរបស់ខ្លួន ដែលកង្វះខាតនេះបានបង្ខំឱ្យមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលនៅសល់ចំនួនបីនៅក្នុងទីក្រុងRafah ត្រូវបិទទ្វារ។បញ្ហានេះក៏ដោយសារតែ ច្រកព្រំដែនRafah ជាមួយអេហ្ស៊ីប ត្រូវបានបិទចាប់តាំងពីយោធាអ៊ីស្រាអែល បានកាន់កាប់ទាំងស្រុងលើច្រកព្រំដែននេះ ដោយរារាំងការចូលនៃជំនួយមនុស្សធម៌ ដែលត្រូវការយ៉ាងខ្លាំង។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា តំបន់ហ្គាហ្សាភាគខាងជើង ស្ថិតក្នុងស្ថានភាព «ទុរ្ភិក្សយ៉ាងធ្ងន់ធ្ងរ»។ស្របពេលដែល អ៊ីស្រាអែល បាននិយាយថា ខ្លួនបានបើកឡើងវិញនូវច្រក Kerem Shalom ដែលជាច្រកចូលដ៏សំខាន់ផ្សេងទៀត សម្រាប់ជំនួយកាលពីថ្ងៃពុធ។ ប៉ុន្តែមន្ត្រីអង្គការសហប្រជាជាតិ និយាយថា គ្មានជំនួយណាមួយត្រូវបានចូលទៅក្នុងតំបន់ហ្គាហ្សាទេ ហើយគ្មានប្រជាជនប៉ាឡេស្ទីនណាម្នាក់ទទួលបានជំនួយនោះដែរ ដោយសារតែការប្រយុទ្ធគ្នាកំពុងបន្ត។សង្គ្រាមនៅហ្គាហ្សាបានជំរុញប្រជាជនប្រហែល ៨០% នៃប្រជាជនសរុបចំនួន ២.៣លាននាក់ចាកចេញពីផ្ទះរបស់ពួកគេ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេងដល់ផ្ទះសម្បែង មន្ទីរពេទ្យ វិហារអ៊ីស្លាម និងសាលារៀននៅទូទាំងប្រទេស។ ខណៈចំនួន​អ្នក​ស្លាប់​នៅ​ហ្គាហ្សា​បាន​កើន​ឡើង​ដល់​ជាង ៣៤,៥០០​នាក់ នេះ ​បើ​តាម​មន្ត្រី​សុខាភិបាល​ក្នុង​តំបន់ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស