TNAOT News

· 05-08

ជាលើកទីមួយ ដែលរុស្ស៊ីប្រកាសជាសាធារណៈពីសមយុទ្ធអាវុធនុយក្លេអ៊ែរ

#Vladimir Putin# #ព័ត៌មាន# #រុស្ស៊ី# #អាវុធនុយក្លេអ៊ែរ# #ព័ត៍មានអន្តរជាតិ#

7540

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឱ្យកងកម្លាំងរុស្ស៊ី ហាត់សមដាក់ពង្រាយអាវុធនុយក្លេអ៊ែរមិនត្រូវការយុទ្ធសាស្ត្រ ដែលជាផ្នែកនៃសមយុទ្ធយោធា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា «ការគំរាមកំហែង» ដោយលោកខាងលិច។

 

ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២ លោកពូទីនបានធ្វើការគម្រាមកំហែងម្តងហើយម្តងទៀត ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរមិនត្រូវការយុទ្ធសាស្ត្រប្រឆាំងនឹងលោកខាងលិច ប៉ុន្តែថ្ងៃចន្ទនេះ គឺជាលើកទីមួយ ដែលរុស្ស៊ីបានប្រកាសជាសាធារណៈពីសមយុទ្ធនេះ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា «អំឡុងពេលធ្វើសមយុទ្ធ វិធានការមួយនឹងត្រូវបានអនុវត្តដើម្បីរៀបចំ និងប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលមិនត្រូវការយុទ្ធសាស្ត្រ»។ អាវុធនុយក្លេអ៊ែរដែលមិនត្រូវការយុទ្ធសាស្ត្រ អាចបាញ់បានភ្លាមៗក្នុងស្ថានភាពសមរភូមិ ដោយផ្ទុកថាមពលតិចជាងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ប៉ុន្ដែនៅតែមានសក្តានុពលកម្ទេចទីក្រុងទាំងមូលបាន។

 

ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា «សមយុទ្ធនេះត្រូវបានធ្វើឡើងបន្ទាប់ពី សេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែង ដោយមន្ត្រីលោកខាងលិចប្រឆាំងនឹងរុស្ស៊ី» ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីសប្តាហ៍មុនបានអះអាងសារជាថ្មីថា លោកនឹងមិនបដិសេធ ការបញ្ជូនទាហានលោកខាងលិចទៅកាន់អ៊ុយក្រែនឡើយ ខណៈដែលលោកធ្លាប់ត្រូវបានរុស្រ៊ីព្រមាន ពីហានិភ័យដែលអាចបង្កឡើងចំពោះសន្តិសុខអឺរ៉ុប និងប្រទេសដទៃទៀតនៅជិតព្រំដែន។

 

លោក Macron ក៏បានបន្ថែមថា «ខ្ញុំមានគោលដៅយុទ្ធសាស្ត្រច្បាស់លាស់៖ រុស្ស៊ីមិនអាចឈ្នះសង្រ្គាមនៅអ៊ុយក្រែនបានទេ។ ប្រសិន​បើ​រុស្ស៊ី​ឈ្នះ​អ៊ុយក្រែន នោះ​នឹង​គ្មាន​សន្តិសុខ​នៅ​អឺរ៉ុបឡើយ។ តើអ្នកណាអាចដឹងនោះ ថារុស្ស៊ីនឹងបន្ដសង្រ្គាមទៅប្រទេសណាទៀតនោះ?» ៕

សម្រួលដោយ៖ រិទ្ធី សុវណ្ណារ័ត្ន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស