TNAOT News

· 03-20

សោកស្តាយណាស់! លោក សាវិន ហ្វីលីព ផុងខ្លួនទិញដី ១០ឡូត៍ ទើបតែដឹងថាជាគម្រោងគ្មានអាជ្ញាបណ្ណ

#សាវិន ហ្វីលីព# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ# #ដីឡូត៍#

6971

ក្រោយពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងស្ដីពី ក្រុមហ៊ុន/គម្រោងអភិវឌ្ឍដីឡូត៍ដែលបានធ្វើអាជីវកម្មគ្មានអាជ្ញាបណ្ណពី ន.អ.ប. ក្នុងនោះក៏មានគម្រោងដីឡូត៍របស់ លោកជំទាវ ម៉ន ដានី នៅខេត្តកំពត មួយកន្លែងដែរ គឺគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ដោយមានអតិថិជនជាច្រើនបានទិញនៅគម្រោងនោះ មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងជើងចាស់ លោក សាវិន ហ្វីលីព ក៏បានទិញដីឡូត៍នៅទីនោះរហូតដល់ ១០ឡូត៍ ទៀតផង។

យោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់ លោក សាវិន ហ្វីលីព បានរៀបរាប់ទាំងអារម្មណ៍ខកចិត្តយ៉ាងដូច្នេះថា៖ « នៅទីបំផុតនិយ័តករអាជីវកម្មអចលនទ្រព្យនិង បញ្ចាំ ទេីបចេញលិខិតជូនដំណឹងថា គម្រោងដីឡូត៍(ទី៣០)ម៉ន ដានី នៅខេត្តកំពត គឺបានពុះឡូត៍លក់ដោយគ្មានច្បាប់ក្រោយLIVE លក់ផ្អេីលប្រទេសកន្លងមក។ ខ្ញុំបានក្លាយជាជនរងគ្រោះម្នាក់ដែលបានទិញដីនេះជាង១០ឡូត៍(បង់លុយផ្ដាច់)ក្នុងចំណោមជនរងគ្រោះរាប់រយនាក់កំពុងធ្វេីការតវ៉ាទៅក្រសួងដែនដីខណៈពេលនេះលោកស្រី ម៉ន ដានី ដែលជាមនុស្សដែលខ្ញុំគោរពរាប់អានក៍មិនដឹងនៅទីណាដែរ? ប្រភពមួយបញ្ជាក់ថា លោកស្រី ម៉ន ដានី ក៍នៅមិនទាន់អោយលុយម្ចាស់ដីនេះនៅទ្បេីយទេ..ខ្ញុំសង្ឃឹមថាប្អូនស្រី ម៉ន ដានី នឹងចេញមុខមកដោះស្រាយលេីបញ្ហានេះជូនអតិថិជនមិនខាន»។ លោកក៏បានបង្ហើបនៅក្នុងខមិនថា៖ «លោកបាត់បង់ប្រាក់ប៉ុណ្ណេះមិនជាអីទេ ប៉ុន្តែអាណិតក្មួយៗដែលទៅទិញតាមគាត់»។

កន្លងមកបានប៉ុន្មានថ្ងៃ លោក សាវិន ហ្វីលីព ក៏បានបង្ហោះសារមួយទៀតថា៖ «កេីតជាមនុស្សចុងក្រោយយកអ្វីទៅមិនបានទេសូម្បីតែកាក់មួយក្នុងមាត់ ហេតុអ្វីចាំបាច់រកសុីបោកប្រាស់អ្នកដទៃ?លោភលន់យកទៅណា?»។

ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នក្នុងការលក់ ទិញ ជួល ឬចូលរួមធ្វើអាជីវកម្ម ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុណាដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស