TNAOT News

· 02-22

ជីវភាពអ៊ុំស្រីវ័យ ៦៩ឆ្នាំ ម្នាក់ត្រូវប្រែប្រួលមកដើរលក់នំខ្មែរ ដោយសារតែជួបឧបទវហេតុគ្រោះថ្នាក់ចរាចរណ៍

#អ្នកលក់នំ# #ស៊ូ-ស៊ូ Fighting# #សង្គម# #ព័ត៌មានសង្គម#

8035

ស្របពេលដែលទីផ្សារសកលមានការប្រែប្រួល ដូច្នេះរបរលក់ដូរតូចធំក៏ប្រែប្រួលតាមនោះដែរ ជាពិសេសរបរលក់អាហារក៏មានការប្រកួតប្រជែងគ្នាគួរសមដែរ ជាពិសេសចរន្តនៃការនាំចូលទំនិញកែច្នៃជាប្រភេទអាហារកែច្នៃប្លែកៗគឺត្រូវចិត្តយុវជនជំនាន់ក្រោយជាង អាហារពីដើមៗជាហេតុធ្វើឲ្យអ៊ុំស្រីម្នាក់វ័យ ៦៩ឆ្នាំ ដែលប្រកបរបរលក់នំខ្មែរ ត្រូវលក់មិនសូវជាដាច់ប៉ុន្មាននោះទេ ដោយសារតែយុវជនមួយចំនួនធំបានងាកទៅចាប់អារម្មណ៍ទទួលទាននំកញ្ចប់បែបកែច្នៃច្រើនជាង ជាពិសេសនំដែលនាំចូលពីប្រទេសជិតខាងគឺច្រើន ដែលធ្វើឲ្យយុវវ័យខ្លះសឹងតែមិនចាំឈ្មោះនំខ្មែរពីដើមៗ។

ដោយឡែកអ៊ុំស្រីរូបនេះបានបង្ហើបថាប្រាប់ក្រុមសារព័ត៌មាន TNAOT APP ថា៖ «ជីវិតអ៊ុំដំបូងឡើយមិនត្រូវលំបាកធ្លាក់ខ្លួនដើរលក់នំយ៉ាងនេះទេក្មួយ គឺដោយសារតែអ៊ុំបានជួបឧបទវហេតុគ្រោះថ្នាក់ចរាចរណ៍ គឺរងគ្រោះយ៉ាងតំណំ បណ្ដាលដោយមានឈាមកកក្នុងខួរក្បាល ក៏ដូចជាប៉ះពាល់ដល់ឆ្អឹងជើង សន្លប់បាត់ស្មារតី ថែមទាំងគ្មានបានសំណងអ្វីទាល់តែសោះពីជនបង្ករ ជាហេតុធ្វើឲ្យគ្រួសារអ៊ុំ និងកូនៗត្រូវចំណាយលុយស្ទើរអស់ពីខ្លួនដើម្បីសង្រ្គោះជីវិតអ៊ុំជាម្ដាយ យកទៅព្យាបាលនៅឯប្រទេសក្បែរខាងយើងផង និង លក់កេរ្តិ៍អាករខ្លះ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផង»។

អ៊ុំស្រីបានបន្តទៀតថា៖ « បន្ទាប់ពីបានធូរស្បើយរបួស អ៊ុំក៏បានសម្រេចចិត្តធ្វើអ្វីម្យ៉ាង ព្រោះអ៊ុំអាចដើរបានសមល្មមដែរ អ៊ុំក៏មិនចង់ដាក់សម្ពាធទៅដល់កូនចៅអ៊ុំបន្តទៀត ដូច្នេះអ៊ុំក៏សម្រេចចិត្តឆ្លៀតយកនំខ្មែរដូចជា នំល្ពៅ នំបត់ នំគម ពីបងប្អូនជីដូនមួយអ៊ុំ យកមកដើរលក់នៅតាមផ្សារថ្មី និងតាមហាងបាយនៅក្បែរនោះ គ្រាន់បានជាចំណូលខ្លះៗទិញថ្នាំទុកសម្រាប់ខ្លួនឯងផង ចាយវាយផ្ទាល់ខ្លួនផង និងជួយសម្រាលបន្ទុកកូនៗអ៊ុំផង ព្រោះពួកគេមើលថែអ៊ុំសឹងតែអស់ទ្រព្យហើយក្មួយអើយ! បើទោះបីជាកូនៗបានហាមឃាត់អ៊ុំយ៉ាងណា ក៏អ៊ុំនៅតែចង់ជួយរកចំណូលពួកគេដែរ! ព្រោះអ៊ុំឃើញកូនមិនសូវជាធូរធារទេ ណាមួយពួកគេមានកូនតូចក្នុងបន្ទុកទៀតត្រូវចំណាយច្រើនណាស់ មានទាំងថ្លៃសិក្សាហូបចុក និងទឹកដោះគោកូនទៀត Hummmm (អ៊ុំដកដបង្ហើមធំ)!!..និងពោលតិចៗថា.រឿងរ៉ាវជីវិតរបស់មនុស្សម្នាក់មិនងាយស្រួលនោះទេក្មួយអើយ»។ មិនហ៊ានសួរបន្តទៀត ក្រុមការងារ សារព័ត៌មាន TNAOT APP  ក៏បានជួយទិញនំខ្លះៗ និងសូមជូនពរអ៊ុំស្រី មានសុខភាពល្អ ដោយក្ដីអាណិតនិងគោរពលើកទឹកចិត្តអ៊ុំ ត្រូវតែ ស៊ូ-ស៊ូ and Fighting លក់នំខ្មែរឲ្យដាច់ច្រើនជាងមុន ហើយប្រសិនបើបងប្អូនបានប្រទះឃើញអ៊ុំស្រីលក់នំសូមជួយទិញគាត់ផង....៕ 

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)