Channary
· 2019-03-25
ខេត្តកណ្តាលប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩
9
ខេត្តកណ្តាល៖ ថ្លែងក្នុងទិវាវប្បធម៌ជាតិ ០៣មីនា លើកទី២១ ឆ្នាំ២០១៩ នៅសាលាគរុកោសល្យ និងវិក្រិត្យការខេត្តកណ្តាល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ លោក ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជម្រុញដល់អាជ្ញាធរខេត្តកណ្តាល ខិតខំបន្ថែមទៀតក្នុងការបណ្តុះបណ្តាលចំណេះដឹង និងបណ្តុះស្មារតីសេចក្តីស្រលាញ់ដល់យុវវ័យជំនាន់ក្រោយៗ ក្នុងគោលបំណងឲ្យយុវជនគ្រប់ស្រទាប់ចូលរួមអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិខ្មែរកុំឲ្យបាត់បង់។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកស្ទួយវិស័យវប្បធម៌យ៉ាងខ្លាំង ដោយសម្រេចកំណត់យកប្រធានបទ(យុវជន ដើម្បីវប្បធម៌ជាតិ) គឺក្នុងគោលបំណងធ្វើអោយមហាជន ពិសេសយុវជនទាំងអស់ត្រូវបង្កើននូវការដឹងគុណចំពោះបុព្វការីជន ដែលបានខិតខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ដ៏សប្បូរបែបប្រកបដោយសក្តានុពល ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។

ដូច្នេះយុវជនត្រូវតែស្រឡាញ់វប្បធម៌ ប្រពៃណីជាតិ ត្រូវស្គាល់ពីតំលៃវប្បធម៌អោយច្បាស់ក្នុងន័យ ថែរក្សាការពារអោយបានគង់វង្ស។ ទន្ទឹមនេះគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិអន្តរជាតិ និងវិស័យឯកជននានា ក្នុងខេត្តកណ្តាលទាំងអស់មេត្តារួមគ្នារិះរកវិធីជំរុញលើកទឹកចិត្តដល់យុវជនដែលជាអ្នកបន្តវេន អោយមានការចូលរួមដោយស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិខ្លួនទាំងវ័យកុមាររហូតដល់យុវវ័យដើម្បីធ្វើអោយសិល្បៈវប្បធម៌យើងមាននិរន្តភាពក្នុងផ្នត់គំនិតយុវជន និងមហាជនគ្រប់លំដាប់ថ្នាក់។

មានមតិផ្តាំផ្ញើក្នុងទិវានោះដែរ អភិបាលរងខេត្តកណ្ដាល បានសំណូមពរដល់អង្គការស្ថាប័នពាក់ព័ន្ធនានា ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ដើម្បីចងក្រងរក្សាទុកឲ្យបានគង់វង្ស នូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបិយ និងអរូបិយព្រមទាំងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់មហាជន ដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែច្បាស់ថែមទៀតអំពីតម្លៃពិតនៃវប្បធម៌ជាតិដែលជាប្រភពធនធានមិនចេះរីងស្ងួត ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។

អភិបាលរងខេត្តបានស្នើដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ត្រូវបន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អជាមួយមន្ទីរពាក់ព័ន្ធដូចជាមន្ទីរអប់រំយុវជន និងកីឡាដើម្បីបង្ហាត់បង្រៀនសិល្បៈរបាំ ល្ខោននិយាយ ដល់សិស្សានុសិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ត្រៀមចូលរួមមហោស្រពសិល្បៈនៅឆ្នាំបន្តបន្ទាប់ទៀត និងត្រូវសហការជាមួយមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការចុះបញ្ជីសារពើភ័ណ្ឌនៅរាល់ ស្ថានីយបុរាណធ្វើផែនទី កំណត់និយាមការ និងផែនការការពារឲ្យបានត្រឹមត្រូវច្បាស់លាស់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ យឺត ភារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មន្រ្តីជំនាញ ក.ប.ប. ចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ ពិនិត្យគុណភាព និងបរិមាណ នៅតាមបណ្ដាស្ថានីយ/ដេប៉ូ
[ភាគទី 23] ក្វាន់ សានយីវ៖ "ធ្វើដំណើរមួយម៉ឺនម៉ាយ" ដោយចាប់ផ្តើមពីទីក្រុងគុយលីន!
រមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ ភ្នំជីសូរ្យ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាយ៉ាងច្រើន
ស្តុកប្រេងថ្មីបន្តដឹកជញ្ចូនទៅតាមបណ្តាស្ថានីយប្រេងក្នុងស្រុកនៃខេត្តបាត់ដំបង ជាប់ព្រំដែន
យោបល់ទាំងអស់ (0)