TNAOT News
· 17ម៉ោងមុន
រមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ ភ្នំជីសូរ្យ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាយ៉ាងច្រើន
#NEW NEWS# #ភ្នំជីសូរ្យ# #ទេសចរណ៍ប្រវត្តិសាស្រ្ត# #សង្គម# #ព័ត៌មានសង្គម#
1582
រមណីយដ្ឋានភ្នំជីសូរ្យ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញចូលទស្សនាយ៉ាងច្រើននាពេលបច្ចុប្បន្ន។

ឆ្លៀតឱកាសនៃព្រឹត្តិការណ៍ជិះកង់ «ភ្នំពេញ–តាកែវ» ចម្ងាយ ៧៨ គីឡូម៉ែត្រ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានភ្នំជីសូរ្យ ដែលជាតំបន់សក្តានុពលទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញឆ្លុះបញ្ជាំងនូវនូវប្រាសាទបុរាណដែលមានកេរ្តិ៍ដំណែលវប្បធម៌ អរិយធម៌បេតិកភណ្ឌដ៏ល្អនៅខេត្តតាកែវ។

រមណីយដ្ឋានភ្នំជីសូរ្យ មានរូបសម្រស់អមដោយទេសភាពបៃតងដ៏ស្រស់ត្រកាល និងខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។ ប្រាសាទភ្នំជីសូរ្យនេះទៀតសោត បានស្ថាបនាលើខ្នងភ្នំមួយមានកម្ពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដ៏សំខាន់ ហើយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)