TNAOT News

· 2023-12-16

ជីវិតរបស់ទារិកាពីគំនរសំរាម

#រឿងនិទាន និងប្រលោមលោក# #រឿងពិត# #រឿងប្រលោមលោក# #កម្សាន្ត#

15328

ពេលដែលទៅដល់ផ្ទះរបស់អ្នកទាំងពីរ អ្នកភូមិបានប្រាប់ពីដំណើរដើមរឿងតាំងពីដើមរហូតដល់ចប់ ក៏ស្រាប់តែកើតកូនចិត្តគិតវិជ្ជមានមួយថា “បើសិនជាទទួលយកទារិកានេះមកចិញ្ចឹមក៏ល្អដែរ ណាមួយចង់ចិញ្ចឹមកូនតូចៗយូរណាស់ហើយ” ប៉ុន្តែក៏គិតពីភាពអវិជ្ជមានដែរ “មិនដឹងថាទៅថ្ងៃអនាគតទៅជាយ៉ាងណានោះទេ” ភ្លាមៗនោះប្រពន្ធក៏ធ្លោយមាត់ឆ្លើយតបថា ខ្ញុំព្រមទទួលយកមកចិញ្ចឹមបីបាច់ថែរក្សាណា... បង ប្អូនទាំងអស់គ្នា! ហើយខ្ញុំនិងស្វាមីសន្យាមើលថែគេឲ្យបានល្អបំផុត ដោយសារតែទារិកានេះក៏គួរឲ្យអាណិត ហាក់មានមនោសញ្ចេតនាជាមួយពួកខ្ញុំណាស់។

ពីមួយថ្ងៃទៅមួយថ្ងៃកន្លងហួសរយៈពេល ៦ឆ្នាំ ទារិកាដ៏កម្សត់តាំងពីវ័យក្មេង ក៏មានវ័យកាន់តែធំឡើងៗ មានសាច់ឈាមស្រស់ថ្លា ទ្រលុកទ្រលន់ មុនមាត់ស្រស់បស់គួរឱ្យក្នាញ់ ដែលត្រូវបានឪពុកម្តាយចិញ្ចឹមដាក់ឈ្មោះឲ្យ ថាវី មានអាយុប្រហែល ៦ឆ្នាំហើយ បើនិយាយពីអត្តចរិតរបស់ ថាវី ត្រូវបានម្តាយប្រាប់ថា គឺជាក្មេងស្រីម្នាក់មិនដែលធ្វើឲ្យឪពុក ម្តាយហត់នឿយនឹងការទូន្មាន ប្រៀនប្រដៅឡើយ ចេះស្តាប់បង្គាប់ណាស់ រហ័សរហួន និងឈ្លាសវៃថែមទៀតផង។​ ជាពិសេសចេះជួយកិច្ចការងារផ្ទះតាំងពីក្មេង និងចេះយកចិត្តទុកដាក់ មើលថែឪពុកម្តាយដូចមនុស្សធំអ៊ីចឹង។

រាល់ថ្ងៃនៅក្នុងផ្ទះមានតែសមាជិកបីនាក់ទេ ហាក់ដូចជាស្ងប់ស្ងាត់បន្តិច ប៉ុន្តែក៏មិនអផ្សុកដែរ ដោយសារតែភាពក្រមិចក្រមើម និងការលេងសើចរបស់ ថាវី បានផ្តល់ស្នាមញញឹមឲ្យឪពុក ម្តាយរបស់គេ បំភ្លេចអស់នូវទុក្ខកង្វល់បានមួយចំណែកផងដែរ។ មិនតែប៉ុណ្ណោះ ថាវី​ ក៏ចេះសម្របខ្លួនហាក់ដូចជាកូនស្រីបង្កើតចេញពីផ្ទៃអ៊ីចឹង។ ក្នុងវ័យនេះ ថាវី ក៏ត្រូវបានឪពុកម្តាយចិញ្ចឹម យកទៅចុះឈ្មោះចូលរៀនក្នុងសាលាអន្តរជាតិមួយកន្លែងដែលសិក្សាទាំងភាសាខ្មែរ និងភាសាអង់គ្លេសក្នុងពេលតែមួយ។ ដោយសារភាពឈ្លាសវៃពីក្មេង រៀនទាំងពីរភាសានេះមិនមែនជាឧបសគ្គរបស់គេឡើយ ខំប្រឹងប្រែងក្រេបចំណេះវិជ្ជាណាស់ ពីព្រឹកដល់ពេលល្ងាចចេញពីសាលាត្រឡប់មកផ្ទះ ហើយពេលយប់ក៏ធ្វើកិច្ចការសាលាជាមួយម្តាយ ដោយមិនចាំបាច់ហត់នឿយនឹងនិយាយច្រើននោះទេ។​​ ការសិក្សាពីមួយខែទៅមួយខែក៏ទទួលបានលទ្ធផលល្អគាប់ប្រសើរ និងតែងតែឡើងថ្នាក់ជារៀងរាល់ឆ្នាំ រហូតដល់បញ្ចប់ការសិក្សាពីថ្នាក់បឋម ដល់អនុវិទ្យាល័យ រហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យផងដែរ។ ការខិតខំប្រឹងប្រែងសិក្សាតាមសាលា និងស្វែងយល់តាមរយៈស្វ័យសិក្សាផ្ទាល់ខ្លួន ពិតជាមិនឥតប្រយោជន៍សម្រាប់យុវតីរូបស្រស់ម្នាក់នេះឡើយ ព្រោះបច្ចុប្បន្នបានក្លាយជាសិស្សទទួលបានអាហារូបករណ៍ដែលសិក្សាមិនគិតថ្លៃក្នុងសាកលវិទ្យាល័យដ៏ល្បីនៃប្រទេសកម្ពុជា លើជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុទៀតផង។​

បន្ទាប់ពីអាននូវសាច់រឿងពិតរបស់ទារិកាដែលត្រូវឪពុក ម្តាយបង្កើតយកទៅទុកចោលនៅគំនរសំរាមដ៏គួរអាណិតអាសូរ ស្រែកទ្រហោយំស្ទើរតែបែកអាកាសដង្ហៅឲ្យគេជួយម្នាក់នេះ តើមិត្តអ្នកអានទាំងអស់គ្នាយល់ឃើញយ៉ាងដូចម្តេច?។ មនុស្សមានជីវិតរស់នៅលើពិភពលោកតែមួយ ពិតជាមិនដឹងថាព្រេងវាសនារៀងៗខ្លួន ជួបរឿងអ្វីខ្លះនោះទេ ជាក់ស្តែងដូចរឿងជីវិតពិតរបស់ ថាវី អ៊ីចឹង នាងកាន់តែមិនដឹងថាមានភ័ព្វសំណាង ត្រូវបានឪពុកម្តាយចិញ្ចឹមដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយគូនេះយកទៅចិញ្ចឹមបីបាច់ថែរក្សាដ៏ល្ពបំផុតបែបនេះដែរ។ តាំងពីតូចបែរជាជួបរឿងលំបាកត្រឹមតែមួយពព្រិចភ្នែក បែរជាមានសំណាងរហូតដល់វ័យកណ្តាលដែលអាចបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានផ្លែផ្កាក្នុងជីវិតដ៏ត្រចេះត្រចង់ និងលើកមុខមាត់ឪពុកម្តាយជាខ្លាំង ពោលឪពុក ម្តាយគ្មានឡើយពាក្យថា ស្តាយក្រោយ ចំពោះការចិញ្ចឹមកូនស្រីដ៏វ័យឆ្លាតម្នាក់នេះ មិនតែប៉ុណ្ណោះនាងក៏ទទួលបានឱកាសការងារល្អៗជាច្រើនដែលកំពុងតែរង់ចាំផងដែរ។

រឿងទាំងអស់នេះ ក្រុមការងារសារព័ត៌មាន TNAOT ចង់សរបញ្ជាក់ឲ្យឃើញថា ការតស៊ូ ខិតខំប្រឹងប្រែងរៀនសូត្រ និងសាងតែអំពើល្អរបស់មនុស្សម្នាក់ៗ ច្បាស់ណាស់យើងនឹងទទួលបានលទ្ធផលល្អនៅក្នុងថ្ងៃណាមួយជាក់ជាមិនខាន​។ ហើយចំណេះដឹងនេះហើយ ដែលជាទ្រព្យជាប់ខ្លួនមិនអាចទិញ លក់ ដូរ ដូចជាអ៊ីវ៉ាន់ដាក់លក់តាមផ្សារនោះទេ និងអាចប្រើប្រាស់ចំណេះដឹងនេះដើម្បីចិញ្ចឹមជិវិតបានរហូតដល់អស់សង្ខារឯណោះ៕

ប្រសិនជាមិត្តអ្នកអានមិនទាន់បានអានក្នុងភាគមួយទេ សូមចុចត្រង់នេះ ដើម្បីស្វែងយល់សាច់រឿងកាន់តែច្បាស់! 

សម្រួលអត្ថបទដោយ៖ Puthseyha 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស