TNAOT News

· 5​ម៉ោង​មុន

ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុង ខណ្ឌ៧មករា

#បទល្មើសឆបោក# #NEW NEWS# #ជនរងគ្រោះ# #ទឹកប្រាក់វិនិយោគ# #សង្គម# #ខណ្ឌ៧មករា# #ព័ត៌មានសង្គម#

1478

ក្រុមការងារចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះឆែកឆេរ បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamsនៅ អគារប៉ោលី (BAOLI INTER CITY) ក្នុង ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤០នាក់ និងដកហូតសម្ភារៈភស្តុតាងជាច្រើន ដែលពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ចំនួន ៣ ករណីផ្សេងគ្នា៖ ១. ករណីឆបោកអូសទាញឱ្យវិនិយោគ មានជនសង្ស័យ ២២នាក់ (ចិន ២០នាក់ និងរុស្ស៊ី ២នាក់) និងដកហូតទូរសព្ទដៃ ៥២៨គ្រឿង, កុំព្យូទ័រលើតុ ៣៥គ្រឿង, ធុង CPU ៣០គ្រឿង និងកុំព្យូទ័រយួរដៃមួយចំនួន។ តាមរយៈការធ្វើកោសល្យវិច្ច័យឧបករណ៍អេឡិចត្រូនិច ក្រុមនេះបានធ្វើសកម្មភាពឆបោកក្នុងរូបភាពអូសទាញជនរងគ្រោះឱ្យដាក់ប្រាក់វិនិយោគ។

២. ករណីប្រើប្រាស់រូបភាពនារីស្អាតៗបោកប្រាស់លេងល្បែង មានជនសង្ស័យជា ជនជាតិបង់ក្លាដេស ១២នាក់ និងដកហូត កុំព្យូទ័រយួរដៃ ៥គ្រឿង និងទូរសព្ទដៃមួយចំនួន ដោយ ក្រុមនេះប្រើប្រាស់រូបភាពនារីស្អាតៗដើម្បីទាក់ទាញ និងបោកប្រាស់ជនរងគ្រោះឱ្យលេងល្បែងលើគេហទំព័រក្លែងក្លាយ និង៣. ករណីស្នាក់នៅខុសច្បាប់កម្លាំងជំនាញបានរកឃើញជនបរទេសចំនួន ៦នាក់ (ថៃ, មីយ៉ាន់ម៉ា, វៀតណាម និងចិន) ដែលពុំមានលិខិតឆ្លងដែនជាប់ខ្លួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់បំផុតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស