TNAOT News
· 04-22
អ្នកនាំពាក្យក្រសួងព័ត៌មានបដិសេធអត្ថបទ WSJ ពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញថា ជាការប៉ះពាល់ដល់កិត្តិយសជាតិ
#អ្នកកាសែត WSJ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2128
អ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា លោក ទេព អស្នារិទ្ធ សម្ដែងសោកស្ដាយចំពោះអត្ថបទចុះផ្សាយដោយ The Wall Street Journal ដែលពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មអនឡាញ ដោយប្រើប្រាស់ភាសា និងការបញ្ជាក់នៅក្នុងអត្ថបទនោះប៉ះពាល់ដល់កិត្តិយស និងអត្តសញ្ញាណជាតិរបស់កម្ពុជា។
លោក ទេព អស្នារិទ្ធ បានថ្លែងថា ការភ្ជាប់ឈ្មោះប្រទេសកម្ពុជាជាមួយឧក្រិដ្ឋកម្មសកល គឺជាការបង្កើតភាពរើសអើង និងបំផ្លាញកិត្តិយសរបស់ប្រជាជាតិលើឆាកអន្តរជាតិ ដែលក្រសួងទាមទារឱ្យមានការកែតម្រូវ។ លោកថា៖ «ការយកឈ្មោះប្រទេសដែលមានអធិបតេយ្យភាពមកភ្ជាប់ជាមួយបញ្ហាឧក្រិដ្ឋកម្មសកល គឺបង្ហាញពីចេតនាបង្កើតការរើសអើង និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជា»។
អ្នកនាំពាក្យបានបញ្ជាក់ថា ក្រសួងព័ត៌មានបានផ្ញើលិខិតទៅកាន់និពន្ធនាយកគ្រប់គ្រងការផ្សាយរបស់ WSJ ឱ្យធ្វើការពិនិត្យ និងកែតម្រូវឡើងវិញផងដែរ។ ប្រតិកម្មនេះកើតឡើងបន្ទាប់ពីអត្ថបទរបស់ Wall Street Journal បានពិពណ៌នាអំពីអគារខ្ពស់មួយនៅរាជធានីភ្នំពេញថា ជានិមិត្តរូបនៃប្រាក់ចំណេញពីបណ្តាញឧក្រិដ្ឋកម្មអនឡាញអន្តរជាតិ ហើយក៏បានប្រើពាក្យ “Scambodia” លើចំណងជើង ដោយអ្នកនយោបាយបរទេសខ្លះ ដើម្បីសំដៅលើកម្ពុជា ដែលអាជ្ញាធរកម្ពុជា បានបដិសេធយ៉ាងដាច់ខាត។
យោងតាមរបាយការណ៍នៃលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែពាក់កណ្តាលខែមេសា ឆ្នាំ២០២៦នេះ ពោលគឺក្នុងរយៈពេលជាង៩ខែចុងក្រោយសមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង២៥០ ករណី ក្នុងនោះរាប់បញ្ចូលការបង្រ្កាបទីតាំងកាស៊ីណូចំនួន ៩១ទីតាំង ព្រមទាំងបានកសាងសំណុំរឿង ដើម្បីបញ្ចូនទៅតុលាការចំនួន ១១២ករណី ពាក់ព័ន្ធនឹងជនសង្ស័យ (ជនត្រូវចោទ) ចំនួនប្រមាណ ១ ០៨៩នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរដែរ។
គិតចាប់ពីខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកអនឡាញ សរុបចំនួន ១៣ ០៣៩នាក់ ក្នុងនោះមានស្ត្រីចំនួន ១ ៥០៩នាក់ មាន ៣៣សញ្ជាតិ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋាភិបាលន័រវេសមានគម្រោងហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយកុមារអាយុក្រោម ១៦ ឆ្នាំ
ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់លើជនល្មើសមិនព្រមរុះរើនិងចាកចេញពីតំបន់ការពារធម្មជាតិឧទ្យានជាតិជួរភ្នំក្រវាញ
ច្បាប់កាតព្វកិច្ចយោធា នឹងត្រូវប្រកាសឱ្យប្រើជាប្រញាប់ ដោយតម្រូវឱ្យពលរដ្ឋខ្មែរអាយុ១៨-២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច ចំណែកស្ត្រីផ្អែកតាមការស្ម័គ្រចិត្ត
រដ្ឋបាលខណ្ឌច្បារអំពៅ បញ្ជូនស្រ្តីអនាថាម្នាក់ ដែលបានដើរគប់ផ្ទះប្រជាពលរដ្ឋ ទៅមន្ទីរសង្គមកិច្ច

យោបល់ទាំងអស់ (0)