TNAOT News

· 4​ម៉ោង​មុន

គណៈកម្មាធិការវិនិយោគកម្ពុជាពិនិត្យដើម្បីអនុម័តគម្រោងវិនិយោគ និងគម្រោងពង្រីកការវិនិយោគបន្ថែម ទុនវិនិយោគ ៤៩០លានដុល្លារ

#NEW NEWS# #គណៈកម្មាធិការវិនិយោគកម្ពុជា# #សង្គម# #ព័ត៌មានសង្គម#

1088

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង និងគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថាគម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៩០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៤គម្រោង រួមមាន៖ ផលិត ផ្គុំ និងដំឡើងសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ, ផលិតពូកខ្យល់ សាឡុងខ្យល់ ពោងហែលទឹក អាងហែលទឹក ទូកខ្យល់ កាបូបក្លាស្សេ សម្ភារៈកីឡា និងសម្ភារៈក្មេងលេង (ពីប្លាស្ទិក), ផលិតអំបោះ និងជ្រលក់ពណ៌, និងពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម “បោកគក់សម្លៀកបំពាក់” លើមុខសញ្ញាចាស់ (កាត់ដេរសម្លៀកបំពាក់ និងប៉ាក់) នៅលើទីតាំងដដែល, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន២គម្រោង៖ បង្កើតរោងចក្រកែច្នៃដំឡូងមី, និងបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វចតុប្បាទ, និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោង៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់, និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្គាវ៉ាត់។

គម្រោងវិនិយោគទាំង៨នេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និងមណ្ឌលគីរី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស