TNAOT News
· 11ម៉ោងមុន
កម្ពុជាប្រឆាំងតវ៉ាចំពោះកម្លាំងប្រដាប់អាវុធថៃ ធ្វើសកម្មភាពរំលោភទឹកដីនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់
#សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
1542
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការ តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងជាច្រើន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងថា ទីតាំងដែលថៃរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា មានក្នុងខេត្តព្រះវិហារ ឃុំស្រអែម ស្រុកជាំក្សាន្ត កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅ ក្នុងតំបន់ប្រាសាទព្រះវិហារ។ ចំពោះនៅខេត្តពោធិ៍សាត់នៅឃុំថ្មដា ស្រុកវាលវែង កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីធ្វើសកម្មភាពឈូសឆាយដីបន្ថែមទៀត នៅតំបន់អូរភ្លុកដំរី។
ខេត្តឧត្តរមានជ័យ នៅស្រុកអន្លង់វែង កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់ផ្លូវ នៅជិតបង្គោលព្រំដែនលេខ២ បច្ចុប្បន្ន និងនៅតំបន់ដើមតាត្រាវ ស្រុកត្រពាំងប្រាសាទ។ នៅស្រុកបន្ទាយអំពិល កងកម្លាំងប្រដាប់អាវុធថៃបានជីកលេណដ្ឋាននៅតំបន់ច្រកទ្វារអន្តរជាតិ ជប់គគីរ។ នៅសង្កាត់កូនក្រៀល ក្រុងសំរោង កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅភាគខាងកើតនៃតំបន់ជប់ដើមខ្នុរ និងបានបន្តសកម្មភាពឈូសឆាយដី នៅភាគខាងជើង នៃ តំបន់នេះ។ នៅតំបន់ថ្មដូន កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់ផ្លូវថ្មើរជើង ព្រមទាំងសាងសង់លេណដ្ឋាន និងផ្លូវ នៅភាគខាងកើតច្រកទ្វារថ្មដូន។
ក្រសួងបញ្ជាក់ថា សកម្មភាពទាំងនេះក៏ជាការរំលោភលើការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ ក្រោមធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជា ពិសេសគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យភាពទឹកដី និងការមិនប្រើប្រាស់ កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត។ កម្ពុជាបដិសេធចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់សកម្មភាព ទាំងនេះថាជាការការពារខ្លួន និងស្របតាមប្រការនានា ដែលមានចែងក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់សាជាថ្មីថា កម្ពុជាមិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការ ទាមទារទឹកដីណាមួយ ដែលអះអាងឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះ សកម្មភាព ដែលបានរៀបរាប់ខាងលើ នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពឯកតោភាគីបន្តទៀត នៅក្នុង តំបន់ដែលបានរៀបរាប់ខាងលើ ឬតំបន់ផ្សេងទៀត ដែលស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នានេះ សំដៅកាត់ បន្ថយភាពតានតឹង ពង្រឹងជំនឿជាក់និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និង ភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុង ការស្វែងរកដំណោះស្រាយជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំង អស់របស់ខ្លួន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងរក្សាយ៉ាងខ្ជាប់ខ្ជួន នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.
សហរដ្ឋអាមេរិករឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ ខណៈដែលទីក្រុងតេអេរ៉ង់បដិសេធការចរចាសន្តិភាពជុំទីពីរ
សមត្ថកិច្ចអធិការខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនបាន ០១នាក់បន្ថែមទៀតហេីយ ក្រុមយុវជនជើងខ្លាំងដែលដេញវាយរថយន្ត ០១គ្រឿង ម៉ាកអាវតា០៧ ស៊េរីឆ្នាំ២០២៥ កាលអំឡុងថ្ងៃចូលឆ្នាំ
១០ថ្ងៃមកនេះ រាប់ទាំងថ្ងៃចូលឆ្នាំ មានអ្នកដំណើរ ៥០នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

យោបល់ទាំងអស់ (0)