TNAOT News

· 5​ម៉ោង​មុន

ប្រជាពលរដ្ឋជិត ១២ម៉ឺននាក់ ជិះរថយន្តក្រុងដោយឥតគិតថ្លៃ ទៅស្រុកកំណើត និងវិលត្រឡប់មកភ្នំពេញវិញ

#សេវាដឹកជញ្ជូនឥតគិតថ្លៃ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1539

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានឱ្យដឹងថាក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋជិត១២ម៉ឺននាក់ បានទទួលសេវា ដឹកជញ្ជូនរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ។

លោកស្រី ដោ សម្ផស្ស បានឱ្យដឹងថា៖«ក្នុងរយៈពេល ៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៦ ជាពលរដ្ឋចំនួន​ ១១៩.៤៩០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃដើម្បីទៅលេងស្រុកកំណើត និងដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ»។

លោកស្រីបានឱ្យដឹងទៀតថា​តួលេខនេះ បើប្រៀបធៀបជាមួយនឹង ឆ្នាំ២០២៥ គឺមានការកើនឡើងប្រមាណ ៣៩%។ លោកស្រីគូសបញ្ជាក់បន្ថែមថាស្របពេលដែលចំនួនពលរដ្ឋកើនឡើងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្ថែមចំនួនរថយន្តក្រុងលើសផែនការគ្រោងទុកចំនួនដល់ទៅ ៩៤៥គ្រឿង ខណៈតាមផែនការ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រឹមតែ៦០០គ្រឿង ប៉ុណ្ណោះ។

ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៦នេះ ក្រោយពីមានការណែនាំ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋ បាលរាជធានីភ្នំពេញ បានប្រកាសបញ្ចេញរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ពោលគឺដឹកជញ្ជូន ទៅលេងស្រុកកំណើត និងវិលត្រឡប់មករាជធានីភ្នំពេញ ដោយភាពសប្បាយរីករាយ ជាមួយការធ្វើដំណើរ ប្រកបដោយផាសុខភាព និងសុវត្ថិភាព៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស