TNAOT News

· ម្សិលមិញ

បរិមាណសំរាមនៅរាជធានីភ្នំពេញ បន្តថយចុះ ៤៨% នៅក្នុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

#NEW NEWS# #ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ# #សង្គម# #បរិមាណសំរាម# #ព័ត៌មានសង្គម#

1677

ការប្រមូលទុកដាក់សំរាម យកទៅទុកដាក់នៅទីលាន បានចំនួន ២ ១៩០,៤៥តោន ថយចុះ៤៨% ធៀបនឹងបរិមាណសំរាមប្រមូលបានប្រចាំថ្ងៃនៅថ្ងៃធម្មតា ក្នុងអំឡុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។ 

យោងតាមទិន្នន័យរបស់សេវាប្រមូលសំរាម និងអាជ្ញាធរ បរិមាណសំរាមនៅរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ បានបង្ហាញនូវសញ្ញាវិជ្ជមាន តាមរយៈការថយចុះគួរឱ្យកត់សម្គាល់។ ជាក់ស្តែង សរុបទាំង៣ថ្ងៃនៃពិធីបុណ្យ សំរាមចំនួនជាង ៧ ១៣៤ តោន ត្រូវបានប្រមូលទុកដាក់ទៅទីលានទុកដាក់សំរាមនៅក្នុងរាជធានីភ្នំពេញ។

ដោយឡែកនៅថ្ងៃធម្មតាការប្រមូលទុកដាក់សំរាមដែលបញ្ចេញដោយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុនប្រមូលសំរាមទាំង៣ មានប្រមាណ ពី៤០០០តោន ទៅ៤៥០០តោនក្នុង១ថ្ងៃ ហើយនៅសរុបទូទាំងប្រទេស សំរាមជាង ១ម៉ឺនតោន ត្រូវបានប្រមូលទុកដាក់ទៅទីលានជារៀងរាល់ថ្ងៃ ហើយក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក។

យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា ការថយចុះនេះកើតឡើងដោយសារការចូលរួមចំណែក យ៉ាងសកម្មរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

ការចូលរួមទាំងនេះមិនត្រឹមតែជួយឱ្យទីក្រុង ទីប្រជុំជន តាមមមូលដ្ឋាន និងតាមដងផ្លូវ មានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានកម្ពុជា ជាពិសេសការជំរុញចលនាឆ្ពោះទៅការរៀបចំផ្ទះរបស់យើង ប្រទេសកម្ពុជា មាន«ភាពស្អាត តាមរយៈយុទ្ធនាការផ្សេងៗដូចជា "ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" យុទ្ធនាការ "កម្ពុជាស្អាត ខ្មែរធ្វើបាន" និងយុទ្ធនាការ«ផ្លូវជាតិ គ្មានសំរាមនិងសំណល់ប្លាស្ទិក» ដែលបានដាកចេញស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា កម្ពុជាត្រូវការពង្រឹងការចូលរួមបន្ថែមទៀត ដើម្បីប្រែក្លាយសកម្មភាព ទៅជាចលនា ដើម្បីការផ្លាស់ប្តូរផ្នត់គំនិត របស់ប្រជាពលរដ្ឋ បង្កើនចូលរួមគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ធ្វើការញែកសំរាម ការកែច្នៃសំរាម និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស