TNAOT News

· 14​ម៉ោង​មុន

កម្លាំងចម្រុះ បង្ក្រាបទីតាំងOnline Scam ឃាត់ខ្លួនជនបរទេស២៦២នាក់ ក្នុងនោះមានជនជាតិថៃ៥៨នាក់

#កម្លាំងចម្រុះ​# #ជនជាតិថៃ# #NEW NEWS# #សង្គម# #បទល្មើស Online Scams# #ព័ត៌មានសង្គម# #ជនបរទេស#

1656

កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគីរី ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបដ៏ធំមួយ ឆ្មក់ចូលឆែកឆេរទីតាំងអគារពាណិជ្ជកម្មចិនមណ្ឌលគិរី របស់ក្រុមហ៊ុន មុងទ័រជាលី សេងមៅឆេង ស្ថិតនៅ ក្រុងសែនមនោរម្យ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីមានការសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ប្រតិបត្តិការនេះដំបូងឡើយធ្វើឡើងតាមសំណើអន្តរាគមន៍របស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីស្វែងរកជនជាតិឥណ្ឌា។ ប៉ុន្តែនៅពេលចុះអនុវត្តផ្ទាល់ កម្លាំងនគរបាលខេត្តបានរកឃើញមានការប្រមូលផ្តុំស្នាក់នៅពីសំណាក់ជនបរទេសយ៉ាងច្រើនកុះករ ទើបឈានដល់ការសម្រេចចិត្តឆែកឆេរជាក់ស្តែងតែម្តង។

ជាលទ្ធផលអាជ្ញាធរបានរកឃើញជនបរទេសសរុបចំនួន ២៦២នាក់ (ស្រី្ត ៤៧នាក់) មាន៩ សញ្ជាតិ រួមមានៈ ចិន១៣៥នាក់ (ស្ត្រី២នាក់) ថៃ៥៨នាក់(ស្រ្តី២៧នាក់ ) ឥណ្ឌា៣០ នាក់(ស្រ្តី១នាក់) មីយ៉ាន់ម៉ា២២នាក់ (ស្រ្តី១៣នាក់) នេប៉ាល់ ៦នាក់ (ស្រ្តី២នាក់) ប៉ាគីស្ថាន៤នាក់ (ស្រ្តី១នាក់ ) រ៉វ៉ាន់ដា៥នាក់ ប៊ូរ៉ុនឌី១នាក់និងហ្វីលីពីន១នាក់ ។ ក្រៅពីនេះ អាជ្ញាធរដកហូតសម្ភារៈបច្ចេកវិទ្យា រួមមានៈកុំព្យូទ័រលើតុ ៤២០គ្រឿង និងទូរសព្ទដៃ ១,៤៥០គ្រឿង។តាមការបំភ្លឺពីជនជាតិថៃបានឱ្យដឹងថា ពួកគេត្រូវបានអូសទាញឱ្យលួចឆ្លងដែនខុសច្បាប់តាមច្រកខេត្តបន្ទាយមានជ័យ ក្រោមការសន្យាផ្តល់ប្រាក់ខែខ្ពស់ពី ២០,០០០ ទៅ ៤០,០០០បាត ប៉ុន្តែបែរជាត្រូវមកបង្ខំឱ្យធ្វើការងារឆបោកអនឡាញបែបនេះទៅវិញ។ ក្នុងនោះមាន ជនជាតិថៃ ១នាក់បានបំភ្លឺថាខ្លួនបានធ្វើដំណើចូលកម្ពុជា តាមព្រលានភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើជាបុគ្គលិកអនឡាញ នៅក្រុងបាវិត ខេត្តស្វាយរៀង ហើយត្រូវបានអូសទាញឱ្យទៅធ្វើការនៅទីតាំងខាងលើ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៦។តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថាក្រុមនេះ បានប្រើប្រាស់បច្ចេកវិទ្យាដើម្បីឆបោកគោលដៅទៅប្រទេសថៃ ក្នុងរូបភាពក្លែងបន្លំលក់ទំនិញអនឡាញ និងទៅសហរដ្ឋអាមេរិក ក្នុងរូបភាពក្លែងបន្លំការវិនិយោគរូបិយប័ណ្ណឌីជីថល (Crypto)។ជាវិធានការចំពោះមុខ មានមេខ្លោងជនជាតិចិន២នាក់ និងមីយ៉ាន់ម៉ា១នាក់ រួមជាមួយនឹងវត្ថុតាង កុំព្យូទ័រ និងទូរសព្ទដៃមួយចំនួន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី។ចំណែកជនបរទេស ២៥៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស