TNAOT News

· 14​ម៉ោង​មុន

ក្រសួងវប្បធម៌ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា

#ប្រទេសកម្ពុជា# #ប្រទេសថៃ# #ក្រសួងវប្បធម៌# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #បេតិកភណ្ឌវប្បធម៌#

1663

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការតវ៉ាយ៉ាងមុតមាំ ចំពោះការកាន់កាប់ដោយខុសច្បាប់ និងដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ក្រសួងវប្បធម៌ បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់អាជ្ញាធរថៃ និងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ និងការដំឡើងរូបសំណាកជាបន្តបន្ទាប់ ដែលបង្កើតជាស្ថានភាពជាក់ស្តែងលើដី (faits accomplis) និងជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនេះ ក៏បានបង្ហាញពីការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជា។

សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ ដែលគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀមបានកំណត់ផែនទីព្រំដែន ដោយយោងតាមឯកសារទាំងអស់ពាក់ព័ន្ធនឹងការអនុវត្តសន្ធិសញ្ញា ឆ្នាំ១៩០៧ អនុស្សរណៈយោគយល់ ឆ្នាំ២០០០ លក្ខខណ្ឌយោង ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។

ក្រសួងវប្បធម៌ ក៏បានអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ព្រមទាំងដកចេញទាំងស្រុងនូវកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ ហើយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស