TNAOT News

· 04-04

អគ្គនាយកដ្ឋាន ក.ប.ប. អំពាវនាវឱ្យម្ចាស់អាជីវកម្មទាំងអស់ បិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់

#បិទស្លាកតម្លៃ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1885

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ អំពាវនាវឱ្យម្ចាស់អាជីវកម្មទាំងអស់ សូមបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់ក្នុងហាង ឬអគារលក់ទំនិញរបស់ខ្លួនជាប្រាក់រៀល និងជំរុញឱ្យអតិថិជនទូទាត់ថ្លៃទំនិញជារូបិយប័ណ្ណជាតិ។

ដើម្បីធានាបាននូវការ ធ្វើធុរកិច្ចប្រកបដោយសុចរិត ការពារបាននូវសុខភាពសាធារណៈ និងទទួលបាននូវទំនុកចិត្តពីអតិថិជននិងអ្នកប្រើប្រាស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករទាំងអស់ ត្រូវយកចិត្តទុកដាក់និងប្រកាន់ខ្ជាប់នូវការអនុវត្តល្អ ដោយដាក់តាំងលក់ ការផ្សព្វផ្សាយលក់ ការជំរុញការលក់ ការលក់បញ្ចុះថ្លៃ ការភ្ជាប់សេចក្តីបរិយាយ ព័ត៌មានអំពីផលិតផលទំនិញ និងសេវា ឬសកម្មភាពពាក់ព័ន្ធ ត្រូវគោរពតាមគោលការណ៍សុចរិតនិងការ ប្រកួតប្រជែងដោយស្មោះត្រង់។

អគ្គនាយកដ្ឋាន ក.ប.ប. ណែនាំឱ្យត្រូវជៀសវាងការដាក់តាំងលក់ ឬចរាចរណ៍ផលិតផលដែលជាអាទិ៍ មានបំពាក់ម៉ាក ឬរូបសញ្ញា ដែលដូចគ្នា និង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឬការប្រើប្រាស់ លេខបារកូដផលិតផល (Barcode) មិនត្រឹមត្រូវ ដែលធ្វើឱ្យអតិថិជននិងអ្នកប្រើប្រាស់មានការភាន់ច្រឡំ អំពីប្រភពដើមនៃការផលិត ឬអត្តសញ្ញាណរបស់ផលិតផលនោះ។

រាល់ផលិតផល ទំនិញ និងសេវា រួមទាំងផលិតផលប្រេងឥន្ធនៈ ត្រូវមានអនុលោមភាព ឬភាពសមស្រប ទាំងលើគុណភាព សុវត្ថិភាព និងបរិមាណត្រឹមត្រូវ ហើយជៀសវាងការដំឡើងថ្លៃដែលធ្វើឱ្យប៉ះពាល់ ដល់អតិថិជន និងអ្នកប្រើប្រាស់ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពម្ហូបអាហារជាអាទិ៍ លក្ខខណ្ឌអនាម័យក្នុងការផលិត ការវេចខ្ចប់ ការដឹកជញ្ជូន ការចែកចាយ និងការដាក់តាំងលក់ជាដើម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស