TNAOT News

· 04-02

កម្ពុជា-បង់ក្លាដែស គ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) សាជាថ្មីលើវិស័យការងារ

#បង់ក្លាដែស# #វិស័យការងារ# #NEW NEWS# #សង្គម# #កម្ពុជា# #អនុស្សរណៈ# #ព័ត៌មានសង្គម#

1935

រដ្ឋលេខាធិការក្រសួងការងារ បញ្ជាក់ពីការពិនិត្យឡើងវិញនូវខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងការកំណត់កាលបរិច្ឆេទសមស្របសម្រាប់កិច្ចប្រជុំក្រុមការងារបច្ចេកទេស លើកទី៣ ដោយនឹងរួមគ្នាពិនិត្យឱ្យបានល្អិតល្អន់លើទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការនេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។នេះបើតាមអត្ថន័យក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌវិស័យការងាររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ក្នុងឱកាសដដែលនោះ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតបង់ក្លាដែស បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសម្របសម្រួលផ្ដល់បណ្ណការងារ និងសៀវភៅការងារជនបរទេសជូនដល់ពលករជនជាតិបង់ក្លាដែសដែលកំពុងបំពេញការងារ និងប្រកបរបរក្នុងប្រទេសកម្ពុជា។

លើសពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដែលជាកិច្ចការដ៏សំខាន់ក្នុងការការពារសន្តិសុខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការងារឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដែស៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស