TNAOT News

· 6​ម៉ោង​មុន

ប្រាសាទព្រះវិហារ រងការខូចខាតប្រហែល ៨០% ដោយសារទម្ងន់គ្រាប់បែករបស់យោធាថៃ ក្នុង សង្គ្រាមឈ្លានពានទាំង២លើក

#ប្រាសាទព្រះវិហារ# #NEW NEWS# #សង្គម# #យោធាថៃបានបើកការបាញ់ប្រហារ# #ព័ត៌មានសង្គម#

1572

សង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជា ទាំង២លើក យោធាថៃ បានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទ បណ្តាលឱ្យប្រាង្គប្រាសាទ មានការខូចខាតចំនួន ៥៦២ទីតាំង ដែលស្មើនឹងប្រហែល៨០ភាគរយ នៃប្រាសាទទាំងមូល។

នេះបើយោងតាមកិច្ចសម្ភាស៍លោក ហែម ស៉ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ឱកាសលោកផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលសម្របសម្រួលដោយក្រសួងព័ត៌មាន។អគ្គនាយក រងអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ក្រោយពីការចុះសិក្សាស្រាវជ្រាវរបស់អ្នកជំនាញបច្ចេសទេសរបស់អាជ្ញាធរខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ការវាយតម្លៃលើផលប៉ះពាល់ពីគ្រាប់ផ្លោងខាងសៀមមកលើប្រាសាទព្រះវិហារ មានចំនួន ១៤២ទីតាំង ហើយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ យើងមកចុះសិក្សាបន្តថែមទៀត គឺមានជាង៤០០កន្លែង សរុបរួមទីតាំងខូចខាតដោយសារសង្គ្រាម២លើក គឺមានការខូចខាតចំនួន ៥៦២ទីតាំងនៅលើប្រាសាទទាំងមូលនេះ។

លោក ហែម ស៉ីណាត បញ្ជាក់ថា សង្គ្រាមឈ្លានពានរបស់យោធាថៃ មិនត្រឹមតែបំផ្លាញប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ ថែមទាំងមិនអាចអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាប្រាសាទខ្មែរ ដ៏ល្អវិចិត្រនេះផងដែរ។

បន្ថែមពីនេះ លោក ហែម ស៉ីណាត បន្ថែមថានេះជាឧក្រិដ្ឋមួយផ្នែកមួយប្រឆាំងនឹងច្បាប់បេតិកភណ្ឌពិភពលោក ខណៈដែលប្រាសាទព្រះវិហារ គឺជាសម្បត្តិបបេតិភណ្ឌពិភពលោក និងជាសម្បត្តិរួមរបស់មនុស្សជាតិទាំងមូលនៅលើពិភពលោក។

ប្រភេទគ្រាប់បែកភាគច្រើនដែលថៃប្រើប្រាស់បាញ់ស្រោច ដើម្បីកម្ទេចប្រាង្គប្រាសាទព្រះវិហារ ជាប្រភេទគ្រាប់បែក ១០៥មីលីម៉ែត្រ គ្រាប់១៥៥មីលីម៉ែត្រ គ្រាប់បែកប្រភេទរំសេវពណ៌ស និងគ្រាប់បែកចង្កោម។ បើតាមមន្ត្រីស៊ីម៉ាក់ដដែល មន្ត្រីជំនាញកំពុងស្វែងរកបន្ថែមទៀតនូវសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលសេសសល់ នៅក្នុងបរិវេណប្រាសាទ។ 

គួរឱ្យដឹងដែរថានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌កម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបង្កហេតុរបស់យោធាថៃសាជាថ្មីនៅតំបន់ប្រាសាទព្រះវិហារ តាមរយៈការដៅបាញ់កម្ទេចសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា។ ក្រសួងវប្បធម៌ចាត់ទុកការខូចខាតនេះថា ជាការបន្ទុចបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទយោធាថៃត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពាន និងការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស