TNAOT News
· 03-15
ឯកឧត្តម ហេង រតនា បង្ហាញក្ដីរន្ធត់ និងសោកស្តាយ ខណៈកុមារចំនួន ២នាក់ បាត់បង់ជីវិតដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
#CMAC# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ហេង រតនា#
2128
ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បង្ហាញក្ដីរន្ធត់ និងសោកស្តាយជាពន់ពេក ខណៈកុមារចំនួន២នាក់ ត្រូវបានបាត់បង់ជីវិតដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីល្ងាចនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។

នេះបើយោងតាមសំណេររបស់ ឯកឧត្តម ហេង រតនា បានបញ្ជាក់បែបនេះថា៖ «ខ្ញុំពិតជារន្ធត់និងសោកស្តាយណាស់ដែលកុមារចំនួន២នាក់បានបាត់បង់ជីវិតដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាលពីល្ងាចនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ! ការផ្ទុះគ្រាប់ប្រភេទ M79 (M381) សំណល់យុទ្ធភណ្ឌសង្គ្រាមនេះ បណ្តាលឱ្យកុមារាអាយុ០៨ឆ្នាំម្នាក់ និងកុមារីអាយុ១៤ឆ្នាំម្នាក់រងរបួសរហូតដល់ស្លាប់។ នេះជាទុក្ខសោកនាដកម្មដោយសារសំណល់គ្រាប់មិនទាន់ផ្ទុះនៃសង្គ្រាម វាអាចមានអាយុកាលជាង៣០-៤០ឆ្នាំទៅហេីយ ប៉ុន្តែនៅតែបន្តបំផ្លិចបំផ្លាញនិងបង្ករងគ្រោះដល់មនុស្សជំនាន់ក្រោយៗទៀត!»។

ឯកឧត្តមបានបន្តថា៖ «សូមបួងសួងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយពាំនាំវិញ្ញាណខន្តកុមារទាំង២បានទៅកាន់ឋានសុគតិភពកុំឃ្លៀងឃ្លាតឡេីយ!៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)