TNAOT News
· 7ម៉ោងមុន
រដ្ឋសភា និងអង្គការ PCL ចែកអំណោយសង្គ្រោះបន្ទាន់ជូនពលរដ្ឋភៀសសឹកជាង ៤០០គ្រួសារ នៅស្រុកក្រឡាញ់
#រដ្ឋសភា# #ពលរដ្ឋភៀសសឹក# #NEW NEWS# #ភាគីថៃ# #សង្គម# #ព័ត៌មានសង្គម#
1595
រដ្ឋសភា បានសហការជាមួយអង្គការ People for Care and Learning (PCL) ចុះបេសកកម្មមនុស្សធម៌ ដើម្បីផ្តល់ជំនួយមនុស្សធម៌ និងលើកទឹកចិត្តដល់ពលរដ្ឋភៀសសឹកដែលកំពុងជួបការលំបាក។ បេសកម្មនេះត្រូវបានដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងលោកជំទាវ។
បេសកកម្មមនុស្សធម៌រួមគ្នានេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៤១៤ គ្រួសារ (ស្មើនឹង ១,៣៩៥ នាក់) ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បន្ទាប់ពីលំនៅឋានរបស់ពួកគាត់រងការគំរាមកំហែង និងខូចខាតពីការរំលោភបំពានលើបូរណភាពទឹកដីពីសំណាក់ភាគីថៃ។
តាមរយៈកិច្ចសហការយ៉ាងស្អិតរមួតជាមួយលោក Travis Johnson Christian នាយកប្រតិបត្តិអង្គការ PCL ជំនួយមនុស្សធម៌ជាច្រើនសន្ធឹកសន្ធាប់ រួមមានស្បៀងអាហារ គ្រឿងឧបភោគបរិភោគចាំបាច់ និងថវិកាឧបត្ថម្ភ ត្រូវបានចាត់ចែងចែកចាយដល់ដៃគ្រួសារនីមួយៗ ដើម្បីសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។ បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តល់ការឧបត្ថម្ភ និងការគាំទ្រយ៉ាងសកម្មដល់កងកម្លាំងការពារព្រំដែន ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងបំពេញភារកិច្ចការពារ និងថែទាំពលរដ្ឋយ៉ាងយកចិត្តទុកដាក់បំផុត។
បច្ចុប្បន្នអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ច កំពុងបន្តតាមដានស្ថានភាពយ៉ាងហ្មត់ចត់ ដើម្បីធានាថាពលរដ្ឋភៀសសឹកទាំងអស់ ទទួលបាននូវការគាំទ្រទាំងស្មារតី និងសម្ភារៈ រហូតដល់ស្ថានភាពមានសុវត្ថិភាពពេញលេញ ដែលអាចឱ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ៕








សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស

យោបល់ទាំងអស់ (0)