TNAOT News

· 03-10

ការប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះហើយ

#ការប្រណាំងរទេះសាឡីគោលឿន# #ខេត្តកំពង់ស្ពឺ# #NEW NEWS# #មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ# #សង្គម# #ឆ្នាំ២០២៦# #ព័ត៌មានសង្គម#

1906

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិស្នេទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ពិធីនេះប្រារព្ធឡើង ក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំង រទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦នេះ នឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាដ៏ច្រើនកុះករ។

គួរបញ្ជាក់ងដែរថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)