TNAOT News
· 2ម៉ោងមុន
រដ្ឋបាលខេត្តសៀមរាប ជំរុញដល់រដ្ឋបាលក្រុងស្រុកទាំង១៣ ស្រង់ស្ថិតិឱ្យបានច្បាស់អំពីជនភៀសសឹក
#គ្រាប់យុទ្ធភណ្ឌ# #NEW NEWS# #រដ្ឋបាលខេត្តសៀមរាប# #សង្គម# #ជនភៀសសឹក# #ព័ត៌មានសង្គម# #រដ្ឋបាលក្រុង#
1260
ខណៈពេលដែលស្ថានភាពព្រំដែនមិនទាន់មានសុវត្ថិភាព ដោយសារលំនៅឋានប្រជាពលរដ្ឋកម្ពុជាមួយចំនួន ត្រូវបានហ៊ុមព័ទ្ធដោយយោធាថៃ តំបន់ខ្លះមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ លំនៅឋានរងការខូចខាត អារម្មណ៍ភ័យខ្លាចផ្ទុះសារជាថ្មី ទើបប្រជាពលរដ្ឋខ្លះត្រូវបន្តស្នាក់នៅតាមទីតាំងសុវត្ថិភាព បញ្ហានេះរដ្ឋបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង១៣ ត្រូវស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋជនភៀសសឹកដែលស្នាក់នៅតាមមណ្ឌលសុវត្ថិភាព និងតាមខ្នងផ្ទះ ឱ្យបានច្បាស់នៅមូលហេតុដែលពួកគាត់មិនទាន់ត្រឡប់ទៅផ្ទះវិញ ដើម្បីដាក់ជូនថ្នាក់ដឹកនាំដាក់ចេញនូវការអនុវត្ដគោលនយោបាយថ្នាក់ជាតិ ក្នុងការជួយដល់ជនភៀសសឹក។
លោក អ៊ឹង គឹម លាង អភិបាលរងខេត្ដសៀមរាប បានបង្ហាញថា គិតមកត្រឹមថ្ងៃទី៩ ខែមីនានេះ ក្នុងភូមិសាស្ត្រខេត្ដមានជនភៀសសឹកបន្តស្នាក់នៅសរុប ៣ ៩៧២គ្រួសារ ស្មើនឹង ១២ ៧៣៤នាក់។ ក្នុងនោះអ្នកស្នាក់នៅតាមខ្នងផ្ទះមាន ១ ៤០៥គ្រួសារ ស្មើនឹង ៤ ៧០៣នាក់ ដែលរដ្ឋបាលក្រុងស្រុកទាំង១៣ ត្រូវចុះស្រង់ស្ថិតិឱ្យបានច្បាស់អំពីស្ថានភាពផ្ទះសម្បែង និងទីកន្លែងរបស់ពួកគាត់ តើបច្ចុប្បន្នមានស្ថានភាពបែបណា ដើម្បីធ្វើជារបាយការណ៍ដាក់ជូនរដ្ឋបាលខេត្ដ និងផ្ញើជូនបន្ដទៅថ្នាក់ជាតិ។
លោកបន្ថែមថា សម្រាប់ជនភៀសសឹកដែលផ្ទះសម្បែងត្រូវបានថៃបំផ្លិចបំផ្លាញ រាជរដ្ឋាភិបាលបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ ហើយចំណុចដែលនៅជាប់ព្រំដែន រាជរដ្ឋាភិបាលក៏បានធ្វើការសម្របសម្រួលហើយផងដែរ។ ដូច្នេះត្រូវធ្វើការផ្ទៀងផ្ទាត់ ពីការបាត់បង់ និងខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគាត់។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានផ្ដល់នូវទំហំដី ២ហិកតា ដើម្បីធ្វើផ្ទះសម្បែង និងធ្វើកសិកម្មជូនពួកគាត់ផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)