TNAOT News

· 10​ម៉ោង​មុន

កម្ពុជា-ចក្រភពអង់គ្លេសចុះ MoU ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញ

#NEW NEWS# #កម្ពុជា-ចក្រភពអង់គ្លេស# #សង្គម# #ព័ត៌មានសង្គម#

1684

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Jonathan Ledger អ្នកជំនាញអន្តរជាតិក្នុងវិស័យ TVET និងគោលនយោបាយកម្លាំងពលកម្ម តំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស (UK Skills Partnership-UKSP)។

នាជំនួបនាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ដូមីនិក វីល្លៀម និងលោក Jonathan Ledger និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានផ្តល់ការគាំទ្រយូរអង្វែងដល់កម្ពុជា ក្នុងវិស័យអភិបាលកិច្ចការងារ អភិវឌ្ឍធនធានមនុស្ស តាមរយៈអាហារូបករណ៍ ការការពារពលករចំណាកស្រុក ការគាំទ្រផ្នែកគោលនយោបាយ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការគាំទ្រនៅក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច។ 

ទន្ទឹមនឹងនោះ លោក ដូមីនិក វីល្លៀម បានសម្តែងនូវសេចក្ដីរីករាយចំពោះការចុះ MoU នេះ ដោយឯកឧត្តមបានលើកឡើងថា ការអប់រំមានសារៈសំខាន់ណាស់សម្រាប់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ នៅពេលដែលការចាកចេញពី LDC នៅពេលខាងមុខ មានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់កម្រិតជំនាញ ជាពិសេសដើម្បីបង្កើនផលិតភាពរបស់កម្លាំងពលកម្ម ដែលថែមទាំងដើម្បីមានជំនាញដែលអាចជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ចថ្មីៗ និងមានសក្ដានុពល ដែលនឹងជួយឱ្យកម្ពុជាបន្តរីកចម្រើនទៅមុខក្នុងអនាគត។ 

តាមរយៈ MoU នេះ កម្ពុជានឹងអាចស្វាគមន៍អ្នកជំនាញ កម្មវិធីអភិវឌ្ឍជំនាញ ក៏ដូចជាការភ្ជាប់ជាមួយអ្នកជំនាញ និងស្ថាប័នលំដាប់ពិភពលោកបន្ថែមពីចក្រភពអង់គ្លេសមកកម្ពុជា ឯកឧត្ដមរដ្ឋមន្រ្តីជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងជួយលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល TVET និងគុណភាពជំនាញកម្ពុជា ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងគាំទ្រដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច។

គួរបញ្ជាក់ថា MoU ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)” មានគោលបំណងពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងវិស័យ TVET និងជំនាញ ដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនងទៅវិញទៅមក និរន្តរភាព និងផលប្រយោជន៍រួម។ 

MoU នេះគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម និងមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ ដូចជាការជំរុញការផ្លាស់ប្តូរគំនិត និងបទពិសោធ តាមរយៈកិច្ចពិភាក្សា ដើម្បីឱ្យភាគីទាំងពីរចែករំលែកជំនាញ និងបទពិសោធ ក្នុងការបង្ហាញពីតម្លៃបន្ថែមនៃការវិនិយោគលើជំនាញ និងអត្ថប្រយោជន៍នៃការអភិវឌ្ឍកម្លាំងពលកម្ម ព្រមទាំងសហការលើការច្នៃប្រឌិត ដើម្បីបង្កើនគុណភាព TVET និងជំនាញជាដើម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស