TNAOT News

· ម្សិលមិញ

អង្ករក្រអូបផ្កាម្លិះកម្ពុជាចំនួន ៤០០តោន ត្រូវបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលី

#អង្ករក្រអូបផ្កាម្លិះកម្ពុជា# #ការនាំចេញ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសអូស្ត្រាលី#

1924

អង្ករក្រអូបប្រណិតផ្កាម្លិះចំនួន ៤០០តោន ត្រូវបាននាំចេញទៅកាន់ផ្សារទំនើបធំៗ ក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីក្រុមហ៊ុន អេមរុរ៉ាយស៍ និងក្រុមហ៊ុនអូស្រ្តាលី Green Group បានចុះកិច្ចព្រមព្រៀងលើការនាំចេញអង្កររយៈពេល ៦ខែ។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Derek Yip បានចូលរួមអបអរកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី មួយរវាងក្រុមហ៊ុន អេមរុរ៉ាយស៍ និងក្រុមហ៊ុន Green Group របស់ប្រទេសអូស្ត្រាលី ដោយចូលរួមជាមួយ លោកឧកញ៉ា សុង សារ៉ន សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ ដើម្បីជាតំណាងក្នុងការបញ្ជូនអង្ករប្រណិតកម្ពុជាចំនួនពីរទូកុងតឺន័រឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី។

យោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមហ៊ុន អេមរុរ៉ាយស៍ បានចុះកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីនាំចេញអង្ករក្រអូបប្រណិតផ្កាម្លិះចំនួន ៤០០តោន ទៅកាន់ក្រុមហ៊ុនអូស្រ្តាលី Green Group ដែលជាក្រុមហ៊ុនបោះដុំផលិតផលចំណីអាហារដ៏ធំជាងគេ និងមានឈ្មោះល្បីល្បាញមួយនៅក្នុងប្រទេសអូស្ត្រាលី។ ដោយមានការគាំទ្រពីអូស្ត្រាលី ក្រុមហ៊ុនអេមរុរ៉ាយស៍ និងកសិ-ពាណិជ្ជកម្មកម្ពុជា អាចពង្រីក និងទទួលបានទីផ្សារនាំចេញថ្មី។ 

លោក Derek Yip បានថ្លែងថា៖«យើងកំពុងពង្រីកពាណិជ្ជកម្មទ្វេភាគី បង្កើតការងារកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែច្រើនរវាងប្រទេសទាំងពីរ ដែលអាចពង្រីកបន្ថែមទៀតនាពេលអនាគត»។

គួរឱ្យដឹងដែរថា ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជាកំពុងកើនឡើង ខណៈពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី បានកើនដល់ ១,២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយមានប្រមាណ ៨៥០លានដុល្លារ បានមកពីការនាំចេញរបស់កម្ពុជា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស