TNAOT News

· 5​ម៉ោង​មុន

ដំណឹងល្អ! មន្ត្រីជំនាញរកឃើញកំណើតកូនផ្សោតទី២ ក្នុងឆ្នាំ២០២៦ នៅខេត្តក្រចេះ

#មន្ត្រីជំនាញ# #កូនផ្សោត# #អង្គការWWF# #NEW NEWS# #ខេត្តក្រចេះ# #សង្គម# #ព័ត៌មានសង្គម#

1511

កូនផ្សោតទើបកើតថ្មី ១ក្បាលដែលមានអាយុប្រមាណជា ២ថ្ងៃ ត្រូវបានប្រទះឃើញនៅវេលា​ម៉ោង ៩:៥០នាទីព្រឹក នាថ្ងៃទី៥ ខែ​មីនា ឆ្នាំ​២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ ​និង​ក្រុមការងារអង្គការWWF ប្រចាំខេត្តក្រចេះ នៅត្រង់ចំណុចអន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

បើតាមក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះមានសុខភាពល្អ និងស្ថិតក្នុងក្រុមផ្សោតធំដែលមានចំនួនប្រាំពីរក្បាល​ក្នុងនោះនៅជាមួយផ្សោតពេញវ័យ លេខ៨១។ ជាក់ស្តែង នេះជាកូនផ្សោតកើតថ្មីទី២ហើយ នៅក្នុងឆ្នាំ២០២៦នេះ ខណៈកូនផ្សោតទី១ ត្រូវបានអង្កេត និងថតរូបបានកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។

គួរបញ្ជាក់ផងដែរថា តាមរយៈកំណើតកូនផ្សោតថ្មីនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៤ក្បាល។ ជាការកត់សម្គាល់ វត្តមាននៃកូនផ្សោតថ្មីនៅអន្លង់កាំពីនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ខាងមុខផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស