TNAOT News

· 4​ម៉ោង​មុន

NOCC អំពាវនាវឱ្យកីឡាករ និងសាធារណៈជន ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ

#NOCC# #TNAOT SPORT# #កីឡា# #ខេត្តព្រះសីហនុ# #ទិវារត់ប្រណាំង# #កីឡាជាតិ#

1433

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវដល់កីឡាករ កីឡាការិនី និងសាធារណៈជនដែលស្រលាញ់វិស័យកីឡារត់ប្រណាំង ឱ្យចូលរួមក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ដែលនឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់សុខភាពសាធារណៈ ការផ្សព្វផ្សាយវិស័យកីឡា និងទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ មានអ្នកចុះឈ្មោះចូលរួមប្រមាណជិត ២០០០នាក់ហើយ ក្នុងនោះកីឡាករខ្មែរជាង ១៧០០នាក់ និងកីឡាករបរទេសជាង ៣០០នាក់។ ចំនួននេះត្រូវបានរំពឹងថា នឹងកើនឡើងដល់ជាង ២៥០០នាក់ នៅពេលជិតដល់ថ្ងៃប្រកួត។ឯកឧត្តមបានបន្តថា ទិវារត់ប្រណាំងអន្តរជាតិនេះ មានគោលបំណងសំខាន់៣ រួមមាន៖ ការរៀបចំផ្លូវរត់នៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយក្នុងប្រទេស ការបន្តរៀបចំព្រឹត្តិការណ៍សម្រាប់គោលដៅសប្បុរសធម៌ ដោយថវិកាមួយផ្នែកពីការចុះឈ្មោះ និងការឧបត្ថម្ភនឹងត្រូវបរិច្ចាគដល់សកម្មភាពសប្បុរសធម៌ និងការចូលរួមលើកកម្ពស់សុខភាពសាធារណៈតាមរយៈការហាត់ប្រាណ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបង្ហាញមហិច្ឆតា ក្នុងការអភិវឌ្ឍព្រឹត្តិការណ៍នេះឱ្យក្លាយជាទិវាម៉ារ៉ាតុងពេញលេញ ចម្ងាយ ៤២គីឡូម៉ែត្រ នៅថ្ងៃអនាគត។

ដោយឡែក លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិនៅកម្ពុជា បានឱ្យដឹងថា តម្រាយផ្លូវរត់សម្រាប់ឆ្នាំ២០២៦ ត្រូវបានកែសម្រួលឱ្យកាន់តែប្រសើរ ដោយអនុញ្ញាតឱ្យអ្នកចូលរួមរត់តាមបណ្តោយតំបន់ឆ្នេរសមុទ្របានកាន់តែច្រើន។

សម្រាប់កាលវិភាគចាប់ផ្តើមការប្រកួត វិញ្ញាសា២១គីឡូម៉ែត្រ នឹងចាប់ផ្តើមនៅម៉ោង ៥:១០នាទីព្រឹក ខណៈវិញ្ញាសា១០គីឡូម៉ែត្រ ចាប់ផ្តើមនៅម៉ោង ៥:២៥នាទី និងវិញ្ញាសា៥គីឡូម៉ែត្រ ចាប់ផ្តើមនៅម៉ោង ៥:៤០នាទី។ ចំណែកវិញ្ញាសារត់កម្សាន្តលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ នឹងចាប់ផ្តើមនៅម៉ោងប្រហែល ៥:៥០នាទី ដល់ម៉ោង ៦:០០ព្រឹក ដែលមានការចូលរួមពីកុមារ និងគ្រួសារ។

គណៈកម្មការរៀបចំក៏បានត្រៀមរៀបចំវិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹង រួមទាំងក្រុមសង្គ្រោះបន្ទាន់ និងរថយន្តសង្គ្រោះជាច្រើនគ្រឿង តាមគោលដៅនានា ដើម្បីធានាសុវត្ថិភាព និងឆ្លើយតបទាន់ពេលវេលា ប្រសិនបើមានបញ្ហាសុខភាពកើតឡើងក្នុងអំឡុងពេលប្រកួត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)