TNAOT News
· 18ម៉ោងមុន
ក្រសួងអប់រំនឹងប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសាថ្ងៃទី២៧ ខែមករា ខាងមុខ
#ក្រសួងអប់រំ យុវជន និងកីឡា# #ពហុភាសា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
1589
ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ដើម្បីគាំទ្រការអនុវត្តកម្មវិធីអប់រំពហុភាសាប្រកបដោយប្រសិទ្ធភាព ក្រសួងបានរៀបចំយន្តការ និងក្របខណ្ឌគតិយុត្តមួយចំនួន រួមមានការចងក្រងប្រព័ន្ធអក្ខរក្រមភាសាកំណើតជនជាតិដើមភាគតិច ទំពួន គ្រឹង ពៅ កាវ៉ែត ព្នង និងចារ៉ាយ ដោយយកប្រព័ន្ធអក្ខរក្រមភាសាខ្មែរធ្វើជាគោល, ផែនការ សកម្មភាពអប់រំពហុភាសា ២០២៤-២០២៨, កម្មវិធីសិក្សា, សៀវភៅសិក្សា និងសម្ភារៈសិក្សា ដែលផ្សាភ្ជាប់ នឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិច។
ក្រសួងបាន ដាក់បញ្ចូលកម្មវិធីអប់រំពហុភាសាក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឦសាន្តខេត្តស្ទឹងត្រែង សាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ។ ក្រសួងក៏បានរៀបចំ និងបកប្រែសៀវភៅសិក្សា សម្ភារៈសិក្សាជាភាសាចារ៉ាយសម្រាប់ អនុវត្តក្នុងកម្មវិធីអប់រំពហុភាសាបន្ថែមទៀត ព្រមទាំងបានដាក់ឱ្យអនុវត្តសាកល្បងនៅសាលារៀនបឋម សិក្សាចំនួន ៧ ក្នុងស្រុកអូរយ៉ាដាវ និងអណ្តូងមាស ខេត្តរតនគិរី។
កម្មវិធីអប់រំពហុភាសា បាននិងកំពុងផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច ប្រមាណ ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ និងបានផ្តល់ឱកាសការងារដល់ជនជាតិ ដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ ៤០០នាក់ជារៀងរាល់ឆ្នាំ នៅតាមសាលារៀនគោលដៅ ក្នុង ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ។
ក្រសួងសូមថ្លែងអំណរគុណអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការ គាំទ្រ និងចូលរួមនិងជំរុញ ឱ្យការអនុវត្តកម្មវិធីអប់រំពហុភាសាទទួលបានលទ្ធផលល្អ ជាពិសេសបានចូលរួមថែរក្សាភាសាកំណើត ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចបានល្អប្រសើរ។
ក្រសួងបានអនុវត្តកម្មវិធីអប់រំពហុភាសាចាប់តាំងពីឆ្នាំ២០០៣ តាមរយៈកម្មវិធីអក្ខរកម្មពហុភាសា (កម្មវិធីអក្ខរកម្មពីរភាសា) សម្រាប់ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំពហុភាសា(កម្មវិធីអប់រំពីរភាសា) សម្រាប់ការអប់រំក្នុងប្រព័ន្ធ។ កម្មវិធីអប់រំពហុភាសានេះ មានគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងពេញលេញ ហើយក៏មានការចូលរួមគាំទ្រពីមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) មូលនិធិភាពជា ដៃគូសម្រាប់ពង្រឹងសមត្ថភាពវិស័យអប់រំ (CDPF) សហភាពអឺរ៉ុប (EU) អង្គការអេដ អេ អាក់ស្យុង (AEA) អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា (ICC) អង្គការបែរកម្ពុជា (CARE) អង្គការNTFP អង្គការភ្នែនអន្តរជាតិ (Plan) រួមទាំងដៃគូអភិវឌ្ឍ និងសមាគមមួយចំនួនទៀតដែលបាននិងកំពុងធ្វើ ការងារជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)