TNAOT News
· 01-16
សហព័ន្ធគុនខ្មែរ និងសហព័ន្ធឃីកបុកស៊ីងកូរ៉េ ចុះ MOU ពង្រឹងកិច្ចសហប្រតិបត្តិការកីឡា និងវប្បធម៌
#ឃីកបុកស៊ីង# #TNAOT SPORT# #សហព័ន្ធគុនខ្មែរ# #កីឡា# #កីឡាជាតិ#
2273
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបន្តពង្រីកវិសាលភាពរបស់ខ្លួនលើឆាកអន្តរជាតិ តាមរយៈការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធកីឡាឃីកបុកស៊ីង នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងក្វាងជូ សាធារណរដ្ឋកូរ៉េ។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក Song Chil-Seok ប្រធានសហព័ន្ធឃីកបុកស៊ីងប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តម ខូវ ឆាយ បានថ្លែងថា កិច្ចព្រមព្រៀងនេះជាជំហានប្រវត្តិសាស្ត្រមួយសម្រាប់វិស័យគុនខ្មែរ ក្នុងការនាំយកសិល្បៈប្រយុទ្ធប្រពៃណីរបស់កម្ពុជា ឱ្យឆ្ពោះទៅរកការទទួលស្គាល់កាន់តែទូលំទូលាយនៅលើពិភពលោក និងបង្កើនឱកាសសម្រាប់កីឡាករ និងយុវជនកម្ពុជា។
“គុនខ្មែរ មិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវប្បធម៌ និងអត្តសញ្ញាណជាតិ។ កិច្ចសហការជាមួយកូរ៉េ នឹងជួយបើកទ្វារឱ្យកីឡាករយើងមានឱកាសប្រកួត និងបង្ហាញសមត្ថភាពលើឆាកអន្តរជាតិបានកាន់តែច្រើន” ឯកឧត្តមបានបញ្ជាក់។
តាមរយៈខ្លឹមសារនៃ MOU ភាគីទាំងពីរបានឯកភាពលើគោលដៅសំខាន់ៗជាច្រើន រួមមាន៖
-លើកកម្ពស់គុនខ្មែរ ឱ្យក្លាយជាកីឡាដែលមានស្តង់ដារអន្តរជាតិ និងមានការទទួលស្គាល់កាន់តែទូលំទូលាយ
-ផ្លាស់ប្តូរកីឡាករ គ្រូបង្វឹក អាជ្ញាកណ្ដាល និងអ្នកជំនាញបច្ចេកទេស
-រៀបចំវគ្គបណ្តុះបណ្តាល ការបោះជំរះបទពិសោធន៍ និងការប្រកួតរួមគ្នា
-ផ្សព្វផ្សាយសិល្បៈវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណគុនខ្មែរ
-ប្រើវិស័យកីឡាជាស្ពានភ្ជាប់ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ
ឯកឧត្តម ខូវ ឆាយ បានបន្ថែមថា សហព័ន្ធគុនខ្មែរ មានគោលបំណងបង្កើតក្លឹបប្រដាល់គុនខ្មែរ នៅលើទឹកដីកូរ៉េនាពេលខាងមុខ និងរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរ ជាប្រចាំ ដើម្បីឱ្យអ្នកគាំទ្រកូរ៉េ និងអន្តរជាតិ បានស្គាល់កាន់តែច្បាស់អំពីសិល្បៈប្រយុទ្ធបុរាណរបស់កម្ពុជា។
គួរបញ្ជាក់ថា ការចុះ MOU រវាងសហព័ន្ធគុនខ្មែរ និងសហព័ន្ធឃីកបុកស៊ីងកូរ៉េ មិនត្រឹមតែជាការរីកចម្រើនផ្នែកកីឡាទេ ប៉ុន្តែជាជំហានដ៏សំខាន់ក្នុងការលើកស្ទួយកិត្តិយស និងតម្លៃវប្បធម៌ជាតិខ្មែរ ឱ្យរីកសាយភាយទៅកាន់ពិភពលោក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)