TNAOT News
· 01-16
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លុបចោលបំណុលចំនួន ១លានដុល្លារអាមេរិក សម្រាប់យោធិនជួរមុខ, របួស និងពលី
#ធនាគារជាតិ# #សមាគមមីក្រូហិរញ្ញវត្ថុ# #NEW NEWS# #សង្គម# #យោធិនជួរមុខ# #ព័ត៌មានសង្គម# #ជម្លោះព្រំដែន#
2630
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃនេះបង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។
ក្នុងរយៈពេលចន្លោះពីពាក់កណ្តាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកដល់សហគមន៍ដែលរងគ្រោះ។ លទ្ធផលសំខាន់ៗនៃការអនុវត្តវិធានការទាំងនេះរួមមាន៖

១. លើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារអាមេរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងការរំខានដល់ការរស់នៅ។, ២. លុបចោលបំណុល (ទាំងប្រាក់ដើម និងការប្រាក់) ចំនួនប្រមាណ ១លានដុល្លារអាមេរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ និងការបាត់បង់ចំណូលរបស់ពួកគេ។, ៣. ថវិកាចំនួន ៣៤០.០០០ដុល្លារអាមេរិក ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់នានា ត្រូវបានរៃអង្គាសតាមរយៈកម្មវិធីសប្បុរសធម៌របស់សមាគម និងគ្រឹះស្ថានសមាជិក ត្រូវបានបរិច្ចាគជូនកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅក្នុងខេត្តរងផលប៉ះពាល់។ និង៤. ឥណទានប្រមាណ ៥០០លានដុល្លាអាមេរិក ត្រូវបានរៀបចំឡើងវិញ ដើម្បីសំរាលសំពាធហិរញ្ញវត្ថុជូនដល់ជនភាសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត។

វិធានការទាំងនេះ ត្រូវបានអនុវត្តស្របពេលជាមួយនឹងការអនុវត្តការរៀបចំឥណទានឡើងវិញ និងវិធានការជួយអតិថិជនផ្សេងៗ តាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាថា អតិថិជនដែលរងផលប៉ះពាល់នៅតែអាចទទួលបានសេវាហិរញ្ញវត្ថុដោយមិនមានសម្ពាធហិរញ្ញវត្ថុបន្ថែម។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយគ្រឹះស្ថានសមាជិក ប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន ហើយនិងបន្តអនុវត្តវិធានការជួយសម្រាលបន្ទុកអតិថិជនរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ស្របតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់កងទ័ពជួរមុខ និងការស្តារសហគមន៍រងផល់បះពាល់ឡើងវិញ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)