TNAOT News

· 01-15

ភាគីថៃ ស្នើលើកពេលកិច្ចប្រជុំពិសេសJBC សាជាថ្មី ជាលើកទី២

#ប្រទេសកម្ពុជា# #NEW NEWS# #ភាគីថៃ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #JBC# #ព័ត៌មានសង្គម#

2503

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាសថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ដែលកម្ពុជា បានស្នើរៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្ត សៀមរាប ត្រូវបានភាគីថៃឆ្លើយតបនិងស្នើលើកពេលសាជាថ្មីជាលើកទី២ ដោយលើកហេតុផលរង់ចាំនីតិវិធី ផ្ទៃក្នុងដើម្បីតែងតាំងសមាសភាពថ្មីនៃគណៈកម្មការ-JBC ភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតសភា នៅដើមខែកុម្ភៈនាពេលខាងមុខ។ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីពន្លឿន ការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជាបានស្នើសាជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារ ដូចខាងក្រោម៖

១. ស្នើចាត់បញ្ចូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃភាគីទាំងពីរ ចុះលើដីជាក់ស្ដែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង បង្គោលលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរនឹងធ្វើការទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកំណត់ពេលវេលានិងទីតាំងជាក់លាក់នៃការចុះលើដីជាក់ស្តែង។, ២. ស្នើចាត់បញ្ចូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានបញ្ជាក់សាជាថ្មីថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស