TNAOT News

· 2​ម៉ោង​មុន

ការបំពាក់ប្រព័ន្ធតាមដានទូកនេសាទ VMS ជាផ្នែកមួយអាចនឹងឱ្យកម្ពុជា ដកកាតក្រហមពីសភាពអ៊ឺរ៉ុប

#ទូកនេសាទ# #ប្រទេសកម្ពុជា# #ក្រសួងកសិកម្ម# #NEW NEWS# #សហភាពអ៊ឺរ៉ុប# #សង្គម# #ព័ត៌មានសង្គម#

938

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងឱ្យដឹងកាលពីពេលថ្មីនេះថា ប្រព័ន្ធតាមដានទូកនេសាទនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះ ស្រាយបញ្ហាការនេសាទខុសច្បាប់ គ្មានរាយការណ៍ និងគ្មានបញ្ញត្តិ (IUU)។ កម្ពុជាក៏បានដាក់ចេញនូវផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ ឆ្នាំ២០២០-២០២៤ និងបានធ្វើបច្ចុប្បន្នភាព នៅឆ្នាំ២០២៥ ហើយការណ៍នេះបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការអនុវត្តកាតព្វកិច្ចអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមនានាដើម្បីឈានទៅដល់ការដក “កាតក្រហម” ពីប្រទេសកម្ពុជារបស់សហភាព អឺរ៉ុប។ឯកឧត្តមបានបន្ថែមថា ច្បាប់ជលផលថ្មីដែលបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែមិថុនាឆ្នាំ២០២៥ ផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍនធនធានជលផលប្រកបដោយប្រសិទ្ធភាព និង និរន្តរភាព សំដៅលើកកម្ពស់សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិ ព្រមទាំងធានាដល់ការការពារសិទ្ធិ និង ផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្មផល និង ផលិតផលជលផល។ឯកឧត្តម ប្រាក់ ដាវីដ បានលើកឡើងយ៉ាងដូច្នេះថា៖ “ការដកកាតក្រហមនេះ នឹងអនុញ្ញាតិឲ្យយើងអាចនាំចេញផលិតផលសមុទ្រទៅកាន់ទីផ្សារអឺរ៉ុប។ បន្ថែមលើប្រព័ន្ធតាមដានទូកនេសាទ យើងក៏បានរៀបចំប្រព័ន្ធផ្សេងៗទៀត រួមមានប្រព័ន្ធគ្រប់គ្រង ព័ត៌មាននេសាទ ប្រព័ន្ធចុះល្បាតដោយប្រើប្រាស់កម្មវិធីស្មាត (SMART) និងប្រព័ន្ធស្ថិតិ FishStat សម្រាប់ការរាយការណ៍ និងការវិភាគអំពីផលនេសាទ។ ប្រព័ន្ធទាំងនេះ ជួយដល់យើងក្នុងការប្រមូល ទិន្ន័យ វិភាគលម្អិតអំពីនិន្នាការ ដែលជួយដល់ការធ្វើការសម្រេចចិត្តផ្នែកគោលនយោបាយ ក្នុងការ គ្រប់គ្រង និងអភិរក្សធនធានជលផលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់”។លោក Koen Everaert លេខាធិការទីមួយ និងជាអនុប្រធានផ្នែកសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុប បានកត់សម្គាល់ថា “សហភាពអឺរ៉ុបមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើកម្មវិធី EU-CAPFISH-Capture ដែលជាការវិនិយោគដ៏សំខាន់មួយនៅក្នុងវិស័យជលផល។

លោកបានបន្ថែមថា បន្ទាប់ពីការបំពាក់ឧបករណ៍តាមដានទូកនេសាទនេះរួចរាល់ហើយ លោកសង្ឃឹមថា តាមរយៈការអនុវត្តន៍នៅគម្រោងនានាជាច្រើន កម្ពុជានឹងអាចដកកាតក្រហមពីសហភាពអ៊ឺរ៉ុបបានឆាប់ ត្បិតលោកក៏មិនចង់ឃើញកម្ពុជាបន្តជាប់កាតក្រហមនេះដែរ។ គួរបញ្ជាក់ថា ការបំពាក់ប្រព័ន្ធគ្រប់គ្រងនាវា VMS គឺស្របតាមយុទ្ធសាស្ត្រជាតិដ៏ទូលំទូលាយរបស់កម្ពុជា ជាពិសេសផែនការជាតិត្រួតពិនិត្យ និងអធិការកិច្ច (NPCI) ដែលបានអនុម័តក្នុងឆ្នាំ២០២០ មានគោលបំណងពង្រឹងក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងអង្កេត (MCS) និងទប់ស្កាត់ការនេសាទខុសច្បាប់នៅលើដែនជលផលសមុទ្រ ជាពិសេសបង្កាអ្នកនេសាទគ្រោះថ្នាក់ដោយជាយថាហេតុ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)