TNAOT News

· 8​ម៉ោង​មុន

អាជ្ញាធរមីន ថាការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា ជាទង្វើគ្រោងទុក បង្កើនភាពតានតឹងដដែលៗ

#ប្រទេសកម្ពុជា# #ការឈ្លានពាន# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #អាជ្ញាធរមីន# #ព័ត៌មានសង្គម#

1630

អាជ្ញាធរមីន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះការឈ្លានពានយ៉ាងធ្ងន់ធ្ងរខុសច្បាប់ដោយយោធាថៃមកលើកម្ពុជា ដោយថៃប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌគ្រឿងផ្ទុះផ្សេងៗ ដែលបានបង្កគ្រោះថ្នាក់ បំផ្លាញបេតិកភណ្ឌពិភពលោក ហេដ្ឋារចនា សម្ព័ន្ធសាធារណៈ វត្តអារាម ប្រាសាទបុរាណ លំនៅដ្ឋាន និងធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ការវាយប្រហាររបស់យោធាថៃ មកលើកម្ពុជា មិនមែនជាសកម្មភាពចៃដន្យឡើយ តែជាទង្វើ ដែលមានការគ្រោងទុក និងដោយចេតនាបង្កើនភាពតានតឹងដដែលៗ បង្កគ្រោះថ្នាក់ និងធ្វើឱ្យបាត់បង់ អាយុជីវិតជនស៊ីវិល បង្ខំអោយប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពជាច្រើន កន្លែងបណ្តាខេត្តនានា។ ទង្វើនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។គ្រាប់បែកចង្កោម និងផ្សែងពុលដែលយោធាថៃប្រើមកលើតំបន់ជនស៊ីវិល គឺជាប្រភេទអាវុធ ដែលបង្កគ្រោះថ្នាក់រយៈពេលវែងដល់មនុស្ស បំផ្លាញបរិស្ថាន និងបង្កហានិភ័យធ្ងន់ធ្ងរដល់ជនស៊ីវិល ទោះជាសង្គ្រាមបានបញ្ចប់ក៏ដោយ។ ការប្រើប្រាស់សព្វាវុធទាំងនេះ ទោះក្រោមហេតុផលណាក៏ដោយ គឺមិនអាចទទួលយកបានឡើយ ហើយវាគឺជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ កម្ពុជាកត់សម្គាល់ឃើញថា ថៃបានបង្កើតនិងប្រើប្រាស់ព្រឹត្តិការណ៍ផ្សេងៗ ដូចជា បញ្ហាមីន និងការឆបោកតាមអនឡាញ ដើម្បីជាការបិទបាំងនិងបង្វែរចំណាប់អារម្មណ៍សហគមន៍ អន្តរជាតិ នូវទង្វើឈ្លានពានរបស់ខ្លួនមកលើកម្ពុជា ក្នុងគោលបំណងកេងចំណេញ នយោបាយ និងដើម្បី បិទបាំងទង្វើខុសច្បាប់ ក៏ដូចជាបំភាន់ដល់សហគមន៍អន្តរជាតិ។ កម្ពុជា ប្រឆាំងយ៉ាងដាច់ខាតចំពោះ ការប្រើប្រាស់យុទ្ធសាស្ត្របែបនេះ។ បញ្ហាមីន និងឧក្រិដ្ឋកម្មឆ្លងដែន គឺមិនត្រូវប្រើប្រាស់ជាឧបករណ៍ ដើម្បីឈ្លានពានទឹកដី ដោយទម្លាក់គ្រាប់បែក ឬវាយប្រហារលើជនស៊ីវិលនោះឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)