TNAOT News

· ម្សិលមិញ

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ នឹងចូលរួមចំណែកក្នុងការដាស់ស្មារតីអ្នកសារព័ត៌មានរាយការណ៍ការពិតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ

#វេទិកានិពន្ធនាយក# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1933

បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មកទល់និងពេលនេះ នៅតែជាប្រធានបទដ៏សំខាន់ ដែលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើសេចក្ដីរាយការណ៍ និងផ្សព្វផ្សាយនូវខ្លឹមសារទាំងនោះ ទៅកាន់សាធារណជន និងពលរដ្ឋកម្ពុជា ដើម្បីទទួលបានព័ត៌មានពិតអំពីជុំវិញបញ្ហាសង្រ្គាមរវាងកម្ពុជា-ថៃ រយៈពេលជាងកន្លះឆ្នាំមកនេះ។

យ៉ាងណាមិញ ទន្ទឹមនឹងការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាសង្រ្គាមរវាងកម្ពុជា-ថៃ ប្រធានក្លឹបអ្នកកាសែតកម្ពុជា ជម្រុញឱ្យស្ថាប័នសារព័ត៌មានក្នុងស្រុក បន្តផ្សព្វផ្សាយជាភាសាបរទេសអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញអំពីភាពឈឺចាប់របស់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយយោធាថៃ ធ្វើការបាញ់ផ្លោង និងប្រើប្រាស់អាវុធធុនធ្ងន់មកលើលំនៅដ្ឋាន និង សាលារៀនរបស់ពលរដ្ឋជនស្លូតត្រង់។ 

ថ្លែងឱ្យដឹងនៅក្នុង កម្មវិធី វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ លើប្រធានបទ “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” លោក ពុយ គា ប្រធានក្លឹបអ្នកការសែតកម្ពុជា បានមានប្រសាសន៍ថា មូលហេតុដែលក្លឹបអ្នកកាសែតកម្ពុជា នៅក្នុងឆ្នាំនេះ ជ្រើសរើសប្រធានបទទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ព្រោះនេះគឺជាប្រធានបទសំខាន់ណាស់ ដែលមនុស្សជុំវិញពិភពលោកតាមដានអំពីព័ត៌មាន ហើយចង់ដឹងថាព័ត៌មានពិតយ៉ាងដូចម្ដេច ប្រទេសណាមួយជាអ្នកបង្កនៃជម្លោះព្រំដែននេះ? ហើយជាពិសេស គឺទាក់ទងទៅនឹងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រហូតបង្កការខូចខាត នៃហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញខេត្តជាប់ព្រំដែន ដែលមកទល់ពេលនេះ ជនស៊ីវិលរបស់កម្ពុជាស្លាប់រហូតដល់ទៅ ១៨រូប របួសជិត ១០០នាក់។

លោក ពុយ គា បានលើកឡើងយ៉ាងដូច្នេះថា “ប្រធានបទឆ្នាំនេះ នឹងធ្វើឱ្យអ្នកសារព័ត៌មានយើងទាំងអស់ ចាប់ផ្ដើមពិនិត្យមើលឡើងវិញថាមូលហេតុដូចម្ដេច បានជាខាងសារព័ត៌មានកម្ពុជាផ្សាយទៅពិភពលោកមិនបានទូលំទូលាយ ជាការពិត នៅក្នុងស្រុកខ្មែរ សារព័ត៌មានខ្មែរយើងផ្សាយបានច្រើន ប៉ុន្តែនៅក្នុងតែចំណោមសារព័ត៌មានខ្មែរគ្នាឯង ខណៈផ្នែកភាសាអង់គ្លេស, ភាសាបារាំង ហើយនិងភាសាចិន នៅមានកម្រិតនៅឡើយ”។

ប្រធានក្លឹបអ្នកកាសែតកម្ពុជារូបនេះ បានលើកឡើងបន្ថែមថា បច្ចុប្បន្នលោកមើលឃើញថា សារព័ត៌មានកម្ពុជា ឥឡូវនេះ ចាប់ផ្ដើមបង្កើតនូវភាសាដទៃៗទៀត ដូចជាភាសាអង់គ្លេស, ភាសាបារាំង ហើយនិងភាសាចិន ដែលលោកបានចាត់ទុក ថានេះគឺជាចំណុចវិជ្ជមានមួយរបស់សារព័ត៌មានកម្ពុជា ដែលត្រូវពង្រីកនូវការផ្សព្វផ្សាយរបស់ខ្លួន ដើម្បីឱ្យពិភពលោកបានទទួលព័ត៌មានពិតអំពីអំពើឈ្លានពានរបស់យោថៃមកលើកកម្ពុជា។

គួរឱ្យដឹងថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ លើប្រធានបទ “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” គឺរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា នឹងមានការចូលរួមពីសំណាក់សារព័ត៌មានជាតិ និងអន្តរជាតិ ជាង១០០ស្ថាប័ន ដែលមានការចូលរួមពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា ការរាការណ៍ព័ត៌មាននៅសមរភូមិមុខ ការផ្សព្វផ្សាយព័ត៌មានអំពីជនភៀសសឹកកម្ពុជា និងការហាមប្រាមផ្សាយលេណដ្ឋានរបស់កងទ័ពជួរមុខ។

វេទិកាមួយនេះ គឺមានការចូលរួមដោយខ្ពង់ខ្ពស់ដោយ ឯកឧត្តម កឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ពុយ គា ប្រធានក្លឹបអ្នកការសែតកម្ពុជា និងវាគ្មិន សាស្រ្តាចារ្យដែលឃ្លាឃ្លោងមួយចំនួន អំពីសេចក្ដីព្រៀង និង ថ្លែងការណ៍រួមទាំង១៣ចំនុច សម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ មុននឹងសម្រេចចេញផ្សាយ ឱ្យបណ្ដាអ្នកសារព័ត៌មានអនុវត្តជាផ្លូវការ។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ វេទិការនិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ប្រធានបទ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ជាប្រធានបទដ៏មានសារៈសំខាន់ក្នុងអំឡុងពេល នៃជម្លោះបញ្ហាព្រំដែនកម្ពុជា-ថៃ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជម្លោះព្រំដែននៃប្រទេសទាំងពីរ នាពេលថ្មីៗនេះ មិនត្រឹមតែមានការប៉ះទង្គិច ផ្នែកកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែមានសមរភូមិជាច្រើន ដែលស្ថិតក្រោមផ្លូវច្បាប់នៃយុត្តាធិការអន្តរជាតិ នយោបាយការទូត សមរភូមិព័ត៌មាននិងសាធារណមតិ ដែលភាគីជម្លោះ និងជនឱកាសនិយមបានប្រើប្រាស់ គ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម តាមគ្រប់រូបភាពក្នុងគោលបំណងដណ្ដើម យកប្រៀបខ្លាំង ឈ្នះនៅលើសមរភូមិយោធា នយោបាយ ការទូត និងសមរភូមិព័ត៌មាន នៅក្នុងយុគសម័យ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស