TNAOT News

· ម្សិលមិញ

ព្យុហយាត្រា «ដើរដើម្បីសន្តិភាព» បង្ហាញពីការរួបរួមបេះដូងតែមួយ សំឡេងតែមួយ ដើម្បីសន្តិភាព ស្ថិរភាព ជាគុណតម្លៃរួមរបស់យើង

#NEW NEWS# #សង្គម# #ដើរដើម្បីសន្តិភាព# #ព័ត៌មានសង្គម#

1731

ស្មារតីចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាជនខ្មែរ គ្រប់ជាន់ថ្នាក់ គ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន ក្នុងព្យុហយាត្រា «ដើរដើម្បីសន្តិភាព» បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការរួបរួមបេះដូងតែមួយ សំឡេងតែមួយ ដើម្បីសន្តិភាព ស្ថិរភាព ដែលជាគុណតម្លៃរួមរបស់យើង។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងកម្មវិធី «ដើរដើម្បីសន្តិភាព» នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ថា ព្យុហយាត្រា «ដើរដើម្បីសន្តិភាព» ដែល ស.ស.យ.បានរៀបចំឡើងនាពេលនេះ មានគោលបំណងតែមួយគត់ គឺដើម្បីបង្ហាញទៅអន្តរជាតិ រួមទាំងប្រជាជនថៃផងដែរ ថាកម្ពុជាមិនត្រូវការសង្គ្រាម កម្ពុជាចង់បានសុខសន្តិភាព ត្រូវការការផ្សះផ្សារ ដើម្បីកសាងជំនឿទុកចិត្តសារជាថ្មី និងបញ្ចប់វិនាសកម្មទាំងឡាយលើប្រជាជាតិប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ វត្តមានជនរួមជាតិទាំងអស់ និងឆន្ទៈដ៏មោះមុតរបស់បងប្អូនខ្មែរយើង ជាសក្ខីភាពឆ្លុះបញ្ចាំងថា ខ្មែរតែងរួមសុខ រួមទុក្ខ និងរួមទទួលខុសត្រូវលើជោគវាសនាជាតិខ្លួន។ សំឡេងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទី ពិតជាមានទម្ងន់ក្នុងការបង្ហាញឆន្ទៈដ៏មុតស្រួចថា កម្ពុជាចង់បានសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា ថៃ និងសម្រាប់ប្រជាជាតិទូទាំងប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តម បានបង្ហាញពីមនោសញ្ចេតនាគោរពដឹងគុណចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលា គ្រប់វិនាទី ពីស្ថានភាពនៅសមរភូមិ ព្រមទាំងផ្ដល់ភាពកក់ក្ដៅជូនជនភៀសសឹក និងគោរពនូវវីភាពរបស់កងទ័ពដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើជាខែលការពារជាតិកម្ពុជាដ៏រឹងមាំ។

គួរបញ្ជាក់ដែរថា ការជួបជុំគ្នាព្យុក្នុងហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរនេះ មិនមែនដើម្បីបង្ហាញកម្លាំង ឬក៏ការគំរាមកំហែងណាមួយឡើយ ផ្ទុយទៅវិញជាការជួបជុំដើម្បីបង្ហាញនូវឆន្ទៈរួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរ ដែលបញ្ជាក់ថាប្រជាជនកម្ពុជាស្រឡាញ់សន្តិភាព គាំទ្រការដោះស្រាយដោយសន្តិវិធី និងឈរជាមួយគ្នានៅពេលជាតិជួបបញ្ហាប្រឈម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)