TNAOT News

· 14​ម៉ោង​មុន

ប្រេស៊ីល ឈរជាមួយកម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី

#កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស# #ប្រទេសប្រេស៊ីល# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ព័ត៌មានសង្គម# #សង្គ្រាម#

1621

លោកជំទាវ Vivian Loss Sanmartin បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិត របស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ។ សម្ដេចរដ្ឋសភាធិបតី បានសម្ដែងនូវការស្វាគមន៍ ចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងបានចាត់ទុកវត្តមានលោកជំទាវ ជាផ្នែកមួយដ៏សំខាន់នៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល ឱ្យកាន់តែរឹងមាំបន្ថែមទៀតទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជាវិញ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសប្រេស៊ីល ដែលបានចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភនិងជំរុញប្រទេសទំាងពីរ កម្ពុជា-ថៃ គោរពកិច្ចព្រមព្រៀងសន្តិភាព។

សម្តេចរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច គ្មានមហិច្ឆិតាណាមួយក្នុងការទៅដណ្តើមទឹកដី ពីប្រទេសណាមួយឡើយ។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាគ្មានហេតុផលណាមួយទៅធ្វើសង្រ្គាមដើម្បីឱ្យពលរដ្ឋរងទុក្ខលំបាកទៀតនោះឡើយ។ កម្ពុជាបានស្គាល់រស់ជាតិលំបាកពីសង្រ្គាមដូច្នេះសន្តិភាពសម្រាប់កម្ពុជាសំខាន់ណាស់។ កម្ពុជាបាននិងកំពុងអភិវឌ្ឈន៍ខ្លួន ដូច្នេះគ្មានបំណងទៅបង្ករសង្រ្គាមជាមួយប្រទេសណាមួយ ពិសេសប្រទេសដែលធំជាងខ្លួនឡើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ មានសភាពឃោរឃៅ និងព្រៃផ្សៃបំផុត។ ប្រទេសថៃបានប្រើអាវុធធន់ធ្ងន់ មានទាំងយន្តហោះ F-16 គ្រាប់បែកចង្កោម និងផ្សែងពុល វាយចូល ដែនអធិបតេយ្យរបស់កម្ពុជា យ៉ាងជ្រៅពីបន្ទាត់ព្រំដែន ក្នុងរង្វង់ពី៨០ទៅ៩០គីឡូម៉ែត្រ បានបណ្តាលឱ្យបាត់បង់អាយុជីវិតជនស៊ីវិលជាច្រើន និងបង្ករឱ្យប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ បានបង្ខំចិត្តភៀសសឹកចេញពីលំនៅដ្ឋាន។ ទ្រព្យសម្បត្តិ សាធារណៈនិងឯកជន ដូចជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទព្រះវិហារជាដើម ព្រមទំាងផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន សំណង់អគារផ្សេងទៀត បានបំផ្លាញដោយអាវុធរបស់ថៃផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស