TNAOT News
· 12-12
យោធាថៃថាទោះរដ្ឋាភិបាលរំលាយសភា កងកម្លាំងប្រដាប់អាវុធនៅតែអនុញ្ញាតពេញលេញដោយច្បាប់ឱ្យអនុវត្តភារកិច្ចឈ្លានពានកម្ពុជា
#ឈ្លានពានកម្ពុជា# #NEW NEWS# #ព័ត៌មាន# #យោធាថៃ# #ព័ត៍មានអន្តរជាតិ#
2240

យោធាថៃបញ្ជាក់ថា ទោះបីជារដ្ឋាភិបាលរំលាយសភាក៏ដោយ កងកម្លាំងប្រដាប់អាវុធនៅតែត្រូវបានអនុញ្ញាតយ៉ាងពេញលេញដោយច្បាប់ឱ្យអនុវត្តភារកិច្ចរបស់ខ្លួនក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាព និងការពារប្រទេស។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ មេបញ្ជាការកងទ័ពអាកាស ប្រាផាស សុនឆៃឌី ជំនួយការអគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ ក្នុងឋានៈជានាយកមជ្ឈមណ្ឌលសារព័ត៌មានរួមថៃ-កម្ពុជា បានបង្ហាញថា ទោះបីជាមានការរំលាយសភានៅថ្ងៃទី១១ ខែធ្នូក៏ដោយ រដ្ឋាភិបាលនៅតែបន្តអនុវត្តភារកិច្ចរបស់ខ្លួន និងរក្សាសិទ្ធិអំណាចស្របច្បាប់ពេញលេញក្នុងការត្រួតពិនិត្យសន្តិសុខរបស់ប្រទេស ដោយធានាការការពារជាបន្តបន្ទាប់ដល់ប្រជាជនថៃ។
មេបញ្ជាការកងទ័ពអាកាសថៃថា «ស្ថានភាពព្រំដែនមានភាពតានតឹង ដោយសារតែការឈ្លានពានរបស់កម្ពុជា និងការវាយប្រហារដំបូងលើប្រទេសថៃនៅក្នុងតំបន់ជាច្រើន ដូច្នេះ យោធាថៃត្រូវបានបង្ខំឱ្យអនុវត្តសិទ្ធិការពារខ្លួនក្រោមច្បាប់ថៃ និងអន្តរជាតិ ដោយមានគោលបំណងបញ្ចប់ការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជន និងរក្សាអធិបតេយ្យភាពជាតិ»។ ខណៈដែរការពិតកងទ័ពថៃបានប្រព្រឹត្តនូវអំពើដែលរំលោភបំពានលើច្បាប់អន្តរជាតិជាច្រើនរាប់មិនអស់ ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើទីកន្លែងស៊ីវិល ការប្រើប្រាស់ឧស្ម័នពុល ការបាញ់កម្ទេចទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ការបាញ់ អាវុធធុនធ្ងន់គ្រប់ប្រភេទដោយមិនរើសអើង ដែលបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ជាច្រើនស្លាប់ និងរបួស ក្នុងនោះរួមទាំងស្រ្តី កុមារ និងមនុស្សចាស់ជរា និងទង្វើល្មើសច្បាស់ជាច្រើនទៀតមកលើកម្ពុជា។
លោក ប្រាផាស សុនឆៃឌី ថារដ្ឋាភិបាល និងយោធាអះអាងថា ពួកគេនៅតែបន្តចេញបញ្ជា និងធ្វើប្រតិបត្តិការដោយអំណាចផ្លូវច្បាប់ពេញលេញ។ ច្បាប់អាជ្ញាសឹកនៅតំបន់ព្រំដែននៅតែមានប្រសិទ្ធភាពក្រោមច្បាប់សន្តិសុខថៃ ហើយមជ្ឈមណ្ឌលសារព័ត៌មានរួមនឹងរាយការណ៍ពីស្ថានភាពដោយតម្លាភាព ដើម្បីឱ្យសាធារណជនទទួលបានព័ត៌មានត្រឹមត្រូវ។
គួរឲ្យដឹងដែរថា ក្រសួងការពារជាតិកម្ពុជាបានបញ្ចាក់ថា ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយការប្រើប្រាស់កម្លាំងយោធារហូតមកដល់ថ្ងៃព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)