TNAOT News
· ម្សិលមិញ
ពលរដ្ឋខ្មែរភៀសសឹកដោយការវាយប្រហារពីភាគីថៃជិត១៨០០០នាក់ បណ្ដាលឱ្យស្លាប់៤នាក់ របួស៩នាក់!
#ប្រទេសកម្ពុជា# #ប្រទេសថៃ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ពលរដ្ឋខ្មែរ# #សង្គ្រាម#
2387
ពលរដ្ឋខ្មែរភៀសសឹកសរុបរួមមានចំនួន៩.០០៥គ្រួសារ ស្មើនឹង១៧.៨៩១នាក់ ស្រីចំនួន១០.១៧២នាក់។ ចំនួនសរុបនេះ មិនទាន់បូកបញ្ចូលទិន្នន័យរបស់ខេត្តបន្ទាយមានជ័យ ដែលបានជម្លៀសប្រជាពលរដ្ឋចំនួន៣.០៨០គ្រួសារនៅឡើយទេ។ នេះបើតាមការសំយោគរបាយការណ៍សរុប គិតត្រឹមម៉ោង៧:០០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដែលចេញផ្សាយដោយ លោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅលើបណ្តាញសង្គមហ្វេកបុកផ្ទាល់ខ្លួន។
លោក ទូច សុខៈ បានបញ្ជាក់ឲ្យដឹងថា ការបើកប្រតិបត្តិការកម្លាំងប្រដាប់អាវុធខ្នាតធំពីរដ្ឋបាលថៃនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់សរុបចំនួន៤នាក់ រងរបួស៩នាក់ បំផ្លាញផ្ទះសម្បែងពលរដ្ឋ បង្កការខូចខាតសម្បត្តិវប្បធម៌ ហេដ្ឋារចនាសម្ពន្ធ័សាធារណៈជាច្រើន។ ទន្លឹមនឹងនេះ សាលារៀនតាមចំណុចក្ដៅរាប់ភ្លេចត្រូវបង្ខំចិត្តផ្អាកដំណើរការ ដោយសិស្សសាលាតូចធំរត់ប្រសាច ពេលឮសន្ទឹកគ្រាប់ផ្លោងរបស់ថៃ ដែលធ្វើឱ្យប៉ះពាល់ទាំងការសិក្សា និងសន្តិសុខសុវត្ថិភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងររបស់សិស្សានុសិស្ស។

បើនិយាយដោយឡែក ការវាយប្រហារទាំងកម្រោល ព្រៃផ្សៃ យង់ឃ្នងពីសំណាក់ថៃនេះ បានធ្វើឱ្យខេត្តឧត្តរមានជ័យ រងផលប៉ះពាល់ រួមមានប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន៣នាក់ ដោយគ្រាប់ផ្លោងរបស់ថៃ២នាក់ និងគាំងបេះដូង១នាក់ ដោយសារសន្ធឹកស្នូរគ្រាប់យុទ្ធភណ្ឌរបស់ថៃ និងការភ័យតក់ស្លត់។ ក្រៅពីនេះ ខេត្តឧត្ដរមានជ័យ មានប្រជាពលរដ្ឋរបួសចំនួន៧នាក់ ឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុងចំនួន៤ខ្នង, ឆេះម៉ូតូ១គ្រឿង, ឆេះឡាន១គ្រឿង និងគ្រាប់ផ្លោងរបស់ថៃធ្លាក់ចូលសាលាមត្តេយ្យមួយកន្លែងផងដែរ។ ក្នុងនោះ ដើម្បីសុវត្ថិភាព ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពចំនួន៥ទីតាំង សរុបចំនួន៣.០០០គ្រួសារ ស្មើនឹង៩.៣៧១នាក់ មានស្រីចំនួន៥.០៨២នាក់។

ចំណែកឯខេត្តព្រះវិហារ ក៏រងផលប៉ះពាល់ផងដែរ គឺបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់១នាក់ និងរងរបួស២នាក់ នៅតំបន់មុំបី ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត។ ក្រៅពីនេះ គ្រាប់ផ្លោងរបស់ថៃ បានបណ្ដាលឱ្យឆេះអគារកាស៊ីណូ(មិនដំណើរការ)មួយកន្លែងនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ។ ចំពោះការជម្លៀសប្រជាពលរដ្ឋ បាននិងកំពុងជម្លៀសចេញពី៦ឃុំ នៃស្រុកជាំក្សាន្តដែលនៅកៀកនឹងខ្សែបន្ទាត់ព្រំដែន ទៅកាន់ទីតាំងមានសុវត្ថិភាព ដែលបានរៀបចំដោយអាជ្ញាធរខេត្តចំនួន៨ទីតាំង សរុបចំនួន១.៤៩១គ្រួសារ ស្នើនឹង៥.៥៩៧នាក់ មានស្រីចំនួន៣.១១៥នាក់ផងដែរ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)