TNAOT News
· 12-05
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនមួយកន្លែង ក្រោយមានករណីត្រីងាប់នៅក្នុងតំបន់អូរឬស្សី ក្នុងខេត្តកំពង់ឆ្នាំង
#សង្គម# #ក្រសួងបរិស្ថាន# #DEVELOPING NEWS# #ព័ត៌មានសង្គម# #បំពុលបរិស្ថាន#
2157
ក្រោយពីមានសេចក្តីរាយការណ៍ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានចាត់មន្រ្តីជំនាញ ចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. មានទីតាំងស្ថិតនៅ ឃុំខ្លុងពពក ឃុំជៀប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលសង្ស័យមានការបំពុលបរិស្ថាន និងបានធ្វើឱ្យងាប់ត្រី និងសត្វគោរបស់ប្រជាពលរដ្ឋងាប់ចំនួន៤ក្បាល នៅតាមអូរឬស្សី ដែលជាអូរធម្មជាតិមួយភ្ជាប់ទៅស្ទឹងជៀប ស្ថិតនៅខាងកើតឆៀងខាងត្បូងនៃទីតាំងក្រុមហ៊ុន។ 
មន្រ្តីជំនាញក្រសួងបរិស្ថាន ធ្វើការវិភាគទឹកបឋមលើសំណាកទឹកចំនួន១ ទីតាំង និងសំណាកត្រីងាប់មួយចំនួន។ ក្រុមការងារបានបន្តបំពេញភារកិច្ច រហូតដល់វេលាយប់ ថ្ងៃដដែលនេះ ដើម្បីត្រួតពិនិត្យស្ថានភាពគុណភាពទឹកនៅ ចម្ងាយប្រមាណ ១០គ.ម ដែលជាខ្សែទឹកខាងក្រោមទីតាំងក្រុមហ៊ុន។ ក្រុមការងារបានពិនិត្យឃើញត្រីកំពង់ពុលប្រកាច់មួយចំនួន និងបានយកសំណាកទឹក និងត្រីមួយចំនួនមកវិភាគបន្ត ចំពោះករណីរកឃើញប្រភពបំពុល ពីក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ជីវៈចម្រុះគ្រប់ប្រភេទ ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់យ៉ាងតឹងរឹង។
សូមបញ្ជាក់ថារដ្ឋបាលស្រុកទឹកផុស បានជូនដំណឹងដល់សាធារណជន កាលពីវេលាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ មានករណីត្រីងាប់ជាច្រើន ក្នុងតំបន់«អូរឬស្សី» ព្រមទាំងធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ កុំទាន់ប្រើប្រាស់ទឹកអូរ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី កុំឱ្យចូលផឹកទឹកក្នុងអូរនោះមួយរយៈពេលសិនផងដែរ៕







សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)