TNAOT News

· 04-30

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមានអាយុកាលជាង៥៣ឆ្នាំ មានបំណងចង់វិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបនៅកម្ពុជា

#Gadgets# #បច្ចេកវិទ្យាទំនើប# #ក្រុមហ៊ុន ADATA Technology# #បច្ចេកវិទ្យា# #TNAOT DIGI#

2864

ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយមានអាយុកាលជាង៥៣ឆ្នាំ និងមានបុត្រសម្ព័ន្ធចំនួន៥ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងហុងកុង ព្រមទាំងមានការិយាល័យតំណាងជាង៤០ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅបណ្តាប្រទេសនានាជុំវិញពិភពលោក មានបំណងចង់បោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ 

បើតាមការថ្លែងឲ្យដឹងពីលោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះលោកប្រធានក្រុមប្រឹក្សាភិបាលបានជម្រាបជូនសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ថាក្រុមហ៊ុន ADATA Technology Co., Ltd. មានជំនាញផ្នែកគ្រឿងអេឡិចត្រូនិក, រ៉ូបូត, កុំព្យូទ័រ បច្ចេកវិទ្យាជីវមាត្រ (Biometrics) និងយានយន្ត។ លោកប្រធានបានបន្តថា នេះជាដំណើរទស្សនកិច្ចលើកទី៤ របស់លោកមកកាន់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនមានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏ចាប់អារម្មណ៍ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរបស់កម្ពុជា ដើម្បីបណ្តុះបណ្តាល និងកសាងធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាទំនើបផងដែរ។

 ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនដែលបានមកបំពេញទស្សនកិច្ច និងចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)