TNAOT News

· 12-21

ខេត្តកំពង់ចាមជាខេត្តដំបូងគេដែលបានបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ

#ខេត្តកំពង់ចាម# #NEW NEWS# #វាស់វែងដីធ្លី# #សង្គម# #ព័ត៌មានសង្គម#

3579

ខេត្តកំពង់ចាមជាខេត្តដំបូងគេដែលបានបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយបានចាប់ដំណើរការវាស់វែងដីធ្លីលើកដំបូង ក្នុងអំឡុងឆ្នាំ២០២៣ និងបញ្ចប់ការវាស់វែងនៅថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៤។ថ្លែងក្នុងឱកាសចូលរួមប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីខេត្តកំពង់ចាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការឈានទៅបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលផ្តើមចេញពីខេត្តកំពង់ចាម និងឆ្ពោះទៅបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីសម្រេចគោលដៅក្នុងការផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាជន។សម្តេចធិបតីបានលើកឡើងទៀតថា ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចុះបញ្ជីកម្មសិទ្ធិដីធ្លីនេះ នឹងបម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះជាមូលដ្ឋានច្បាប់ដ៏រឹងមាំដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទដីធ្លីទាំងឡាយ ព្រមទាំងចូលរួមបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។ 

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការបញ្ចប់ការវាស់វែងដីធ្លី នឹងអនុញ្ញាតឲ្យយើងរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស