TNAOT News

· 12-19

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤

#ក្រុងព្រះសីហនុ# #ព្រះមហាក្សត្រ# #សង្គម# #រាជរដ្ឋាភិបាលកម្ពុជា# #ព័ត៌មានសង្គម# #សាធារណរដ្ឋប្រជាមានិតចិន# #ព្រឹត្តិការណ៍សំខាន់#

5529

 សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. ព្រះមហាក្សត្រ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃ១៩-២១​ ខែធ្នូ​ ឆ្នាំ២០២៤។

២. រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញទាក់ទាញវិនិយោគបង្កើនឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ

រាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញទាក់ទាញវិនិយោគក្នុងវិស័យអាទិភាព ដើម្បីជំរុញការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មនិងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ។ ក្រោយពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំ “កិច្ចប្រជុំការរៀបចំយុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល ៣ឆ្នាំ និងផែនការសកម្មភាព”។

៣. កម្ពុជា-អាម៉េរិក នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត

លោកមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាម៉េរិក-កម្ពុជា។ លោកមេបញ្ជាការបានជម្រាបជូនសម្តេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការបន្តកិច្ចប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-អាម៉េរិក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។

៤. នាវាទេសចរណ៍ ឈ្មោះ AIDA STELLA សញ្ជាតិ អ៊ីតាលី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នាវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នាវាទេសចរណ៍ ឈ្មោះ AIDA STELLA សញ្ជាតិ ITALYដែលមានប្រវែងបណ្តោយ ២៥៣,៣ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៧,៣ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

៥. សម្ដេចបវរធិបតី កោតសសើរពីភាពជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។

៦. តារាចម្រៀង លោក វណ្ណថាន ប្រើធម៌ក្ដៅរក្សាភាពស្ងៀមស្ងាត់ប្រមូលភ័ស្តុតាងដោះស្រាយតាមផ្លូវច្បាប់ទៅកាន់នារីម្នាក់

ក្រោយពីផ្ទុះរឿងរ៉ាវក៏ក្ដៅគគុកធ្វើឲ្យមហាជនតាមដាន និងវែកញែកពេញបណ្ដាញសង្គមជុំវិញបញ្ហានារីម្នាក់បានចោទប្រកាន់ទៅដល់ លោក វណ្ណថាន ថាចម្លងជំងឺដល់នាងឈានដល់ដំណាក់កាលវះកាត់ ដោយ លោក វណ្ណថាន ហាក់មិនឆ្លើយតបរក្សាភាពស្ងៀមស្ងាត់ធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើនអន្ទះសាររង់ចាំការបកស្រាយច្បាស់ពីតារារូបនេះ។

៧. រដ្ឋមន្រ្តីមហាផ្ទៃនៅតែបារម្ភ ទោះបីជាគ្រោះថ្នាក់ចរាចរណ៍ ១១ខែដើម ឆ្នាំ២០២៤ ថយចុះក្តី

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅតែបង្ហាញក្ដីបាម្ភថា គ្រោះថ្នាក់នេះនឹងបន្តអូសបន្លាយក្នុងរយៈពេលវែង អាចនឹងមានកំណើនខ្ពស់បន្ថែមទៀត ប្រសិនបើកង្វះវិធានការទប់ស្កាត់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកង្វះការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។

៨. អូស្ត្រាលី ​ព្រមានជាបន្ទាន់​អំពីគ្រោះ​ទឹកជំនន់ទៅកាន់ប្រជាជន ​នៅ​ភាគ​ឦសាននៃប្រទេស

ការព្រមានជាបន្ទាន់មួយអំពីគ្រោះទឹកជំនន់ ត្រូវបានប្រកាសចេញសម្រាប់សហគមន៍នៅក្នុងរដ្ឋ Queensland ភាគឦសាននៃប្រទេសអូស្ត្រាលី ខណៈអាជ្ញាធរក្នុងតំបន់បានជូនដំណឹងទៅដល់សហគមន៍នៅតាមដងទន្លេ Jandowae Creek និងក្នុងតំបន់ South Burnett ដែលមានចម្ងាយ ១៨០គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Brisbane បង្ខំឱ្យប្រជាជនដែលរស់នៅតំបន់ទំនាបត្រូវជម្លៀសចេញ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។

៩. ក្រសួងសុខាភិបាលថៃ ស្នើឲ្យរក្សាអនាម័យល្អដើម្បីការពារការឆ្លងមេរោគ norovirus ក្រោយការផ្ទុះឡើងនៅខេត្ត Rayong

ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋឱ្យអនុវត្តអនាម័យល្អ បន្ទាប់ពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកចំនួន ១.៤៣៦ នាក់នៅសាលាមួយនៅក្នុងស្រុក Klaeng ខេត្ត Rayong ប្រទេសថៃ បានឆ្លងមេរោគ norovirus ។ ពួកគេបានធ្លាក់ខ្លួនឈឺដោយមានរោគសញ្ញារាគរូស បន្ទាប់ពីទទួលទានទឹក និងទឹកកកដែលមានមេរោគ ដែលជាប្រភពនៃមេរោគ Norovirus។

១០. បុរសជនជាតិថៃម្នាក់កំពុងថតវីដេអូTiktok នៅលើផ្លូវរថភ្លើងក្នុងខេត្ត Ratchaburi ជួបរឿងអកុសលយ៉ាងរន្ធត់

បុរសម្នាក់មានឈ្មោះ Wirote Aranyaket អាយុ ៥៣ឆ្នាំ ត្រូវបានរថភ្លើងបុកស្លាប់ ខណៈកំពុងព្យាយាមថតវីដេអូលេង ក្នុងកម្មវិធីTikTok ក្នុងគោលបំណងផលិតខ្លឹមសារទាក់ទងនឹងទេសចរណ៍នៅផ្លូវរថភ្លើង Chulalongkorn ក្នុងខេត្ត Ratchaburi កាលពីព្រឹកថ្ងៃពុធ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស