TNAOT News
· 12-13
«មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» រួមចំណែកលើកកម្ពស់ទំនាក់ទំនងប្រជាជនប្រទេសទាំងពីរ
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
3704
«មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» គឺជាចលករដ៏សំខាន់ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ពិសេសរវាងយុវជន អំពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់នៃប្រទេសទាំងពីរ និងកសាងចំណងមិត្តភាព ទំនុកចិត្ត ការយល់គ្នាទៅវិញទៅមក ក៏ដូចជាស្វែងរកនូវឱកាសវិនិយោគ និងធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបើក «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤»។
ក្នុងឱកាសដ៏មានសារៈសំខាន់នោះ ឯកឧត្ដម វង្សី វិស្សុត បានគូសបញ្ជាក់អំពី ចំណងការទូតកម្ពុជា-ចិន ដែលមានអាយុកាលរាប់ពាន់ឆ្នាំចាប់តាំងពីសម័យហ្វូណន និងបានចែករំលែកទស្សនៈមានតម្លៃមួយចំនួន ដើម្បីចូលរួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន និងការតភ្ជាប់ប្រជាជននិងប្រជាជន ពិសេសយុវជន និងសហគ្រិនវ័យក្មេង៖ ១. ចំណងមិត្តដែលកើតចេញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រជាជននិងប្រជាជន គឺជាមូលដ្ឋានបង្អែកដ៏រឹងមាំនៃទំនាក់ទំនងរវាងផ្លូវរដ្ឋនិងរដ្ឋ, ២. ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ ពិសេសការស្វែងយល់, ការស្គាល់ និងការយល់ដឹងពីតម្លៃនៃវប្បធម៌និងប្រពៃណីនៃប្រទេសទាំងពីរ, ៣. ការលើកកម្ពស់ និងការជំរុញវិស័យទេសចរណ៍និង ៤.ការលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជន ពិសេសសហគ្រិនវ័យក្មេង។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជឿជាក់ថា «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នឹងរឹតចំណងមិត្តភាពប្រជាជននៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)