TNAOT News

· 11-01

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល៤ថ្ងៃនៅខេត្តមណ្ឌលគិរី

#លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី# #NEW NEWS# #សមាគមកាយប្ញទ្ធិនារីកម្ពុជា# #ខេត្តមណ្ឌលគិរី# #សង្គម# #ព័ត៌មានសង្គម#

6056

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំការរៀបចំបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល ៤ថ្ងៃនៅភូមិភាគឦសាន ក្នុងខេត្តមណ្ឌលគិរី។ ការបោះជំរំដ៏ធំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ធ្វើឡើងក្រោមប្រធានបទ “យុវតីយើង អនាគតអ្នកដឹកនាំយើង” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា។

ការបោះជំរំដ៏ធំប្រចាំឆ្នាំនេះ មានការជួបជុំសមាជិការបស់សមាគមកាយប្ញទ្ធិនារីទាំង ៦សាខា រួមមាន៖ សាខាក្រុងភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី។ នៅថ្ងៃទីមួយនៃការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា គណៈកម្មការសមាគម បានដឹកនាំក្រុមការងារស្ម័គ្រចិត្ត ទាំងសមាជិកាគាំទ្រ និងសមាជិកាសកម្ម ព្រមទាំងមានការចូលរួមជួយពីកម្លាំងស្ម័គ្រចិត្តនៃកាយប្ញទ្ធិជាតិប្រចាំខេត្តមណ្ឌលគិរី បានរៀបចំទីតាំងបោះជំរំ ព្រមទាំងតម្លើងតង់ស្នាក់នៅសម្រាប់កុមារី និងយុវតី ដែលជាសមាជិកាសកម្មរបស់សមាគមដែលបានចូលរួមបោះជំរំនេះ។ ការបោះជំរំប្រចាំឆ្នាំនេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើនក្នុងការតម្រង់ទិស កុមារី និងយុវតី ដែលជាអនាគតអ្នកដឹកនាំនៅក្នុងសង្គម ព្រមទាំងមានរៀបចំនូវសកម្មភាពជួយសង្គម និងសកម្មភាពកម្សាន្តសប្បាយជាច្រើនដែលបង្កប់នូវចំណេះដឹង និងការអប់រំសម្រាប់ផងដែរ។ សកម្មភាពសំខាន់ៗ នៅថ្ងៃទីមួយក្នុងទីលានជំរំ កុមារី និងយុវតី ទទួលបានការតម្រង់ទិសពីគ្រូបង្គោលនូវវិន័យ និងបទបញ្ជាដែលអនុវត្តក្នុងជំរំ ការអប់រំចិត្ត ព្រមទាំងបង្ហាត់បង្រៀនប្អូនៗ ទាក់ទងនឹងការតម្លើងតង់ស្នាក់ក្នុងជំរំ។ សូមបញ្ជាក់ថា សមាគមកាយប្ញទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សា និងបណ្ដុះនូវភាពជាអ្នកដឹកនាំដល់ពួកគេ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស