TNAOT News

· 10-10

ស្ថាបនិកក្រុមហ៊ុន Meta ទិញនិងកែច្នៃរថយន្ត Porsche ថ្មីស្រឡាងមួយគ្រឿងដើម្បីបំពេញបំណងភរិយា

#Meta# #រថយន្ត# #បច្ចេកវិទ្យា# #TNAOT DIGI# #លោក Mark Zuckerberg#

4024

មហាសេដ្ឋីលំដាប់ទីពីរលើពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg បានដឹកដៃភរិយា លោកស្រី Priscilla Chan ទៅទិញនិងកែរថយន្ត Porsche មួយគ្រឿងទៅជាម៉ូតថ្មីស្រឡាងដែលជាការចង់បាន និងជាកាដូពិសេសសម្រាប់ភរិយារបស់លោក។

តាមរយៈទំព័រហ្វែសប៊ុកផ្លូវការរបស់មហាសេដ្ឋី Mark Zuckerberg កាលពីពេលថ្មីៗបានលើកឡើងថា ប្រពន្ធរបស់ខ្លួន Priscilla ចង់បានរថយន្តតួវែង (Minivan) សម្រាប់ធ្វើដំណើរ ដូច្នេះហើយលោកបានសម្រេចចិត្តយករថយន្តម៉ូឌែល Porsche Cayenne Turbo GT ដែលមានស្រាប់កែទៅជារថយន្តប្រភេទ Minivan វិញ។ បន្ថែមពីនោះ លោកក៏បានអរគុណដល់ក្រុមហ៊ុន Porsche និងការ៉ាស់កែរថយន្តល្បីឈ្មោះ West Coast Customs មានទីតាំងក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានសហការ ជួយឲ្យរថយន្តនេះលេចចេញជារូបរាង និងក្លាយជាម៉ូតរថយន្តមួយប្លែកពីគេ។

បើតាមការឲ្យដឹងពីគេហទំព័រ Tuoitre ចុះផ្សាយការពីម្សិលមិញនេះបានឲ្យដឹងថា៖ ចំណុចពិសេសបន្ទាប់ពីកែរថយន្ត Porsche Cayenne Turbo GT ទៅជារថយន្តប្រភេទ Minivan គឺប្រែក្លាយពីរថយន្តដែលមានកម្ពស់ទាបពីដីឲ្យខ្ពស់ជាងមុន ចំណែកតួរថយន្តក៏ត្រូវបានកែច្នៃដើម្បីបំពាក់ទ្វារខាងក្រោយជាប្រភេទទ្វារអូតូវិញ ខណៈប្រព័ន្ធជើងក្រោម និងដំបូលក៏ត្រូវបានកែកុនថ្មីដែរ។ ចំពោះការផ្លាស់ប្តូរនេះលោក Zuckerberg បានគិតគូយ៉ាងលម្អិតគឺដើម្បីធ្វើឱ្យភរិយា និងសមាជិកគ្រួសារមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងទទួលបានបទពិសោធន៍ថ្មីផងដែរ។

គួរបញ្ជាក់ដែរ ក្នុងថ្ងៃតែមួយមហាសេដ្ឋីលំដាប់ទីពីរលើពិភពលោករូបនេះបានទិញរថយន្តចំនួនពីរគ្រឿងដោយមួយគ្រឿងសម្រាប់ភរិយា ម៉ូឌែល Porsche Cayenne Turbo GT មានតម្លៃប្រហែល២០ម៉ឺនដុល្លារ មិនទាន់គិតថ្លៃកែច្នៃ និងមួយគ្រឿងទៀតសម្រាប់លោកផ្ទាល់ ម៉ូឌែល Porsche 911 GT3 Touring មានតម្លៃចាប់ពី១៦ ម៉ឺនដុល្លារឡើងទៅ។ ហើយមូលហេតុចម្បងដែលលោក និងភរិយាសម្រេចទិញរថយន្តទាំងពីរនេះដោយសារមានពណ៌ប្រផេះដូចគ្នា។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស