TNAOT News

· 08-24

លោក ដួង សុខគា បង្ហោះសំណេរមួយក្នុងអត្ថន័យអប់រំ ឲ្យកូនខ្មែរចេះប្រើភាសាជាតិត្រូវវេយ្យករណ៍

#ដួង សុខគា# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#

5253

នាពេលថ្មីៗនេះ លោក ដួង សុខគា ពិធីករសម្បូរវោហារចាក់ទឹកមិនលិច និងជារៀមច្បងក្នុងសិល្បៈមួយរូបដ៏គួរឱ្យគោរព បានបង្ហោះសារមួយយ៉ាងចាក់ដោតក្នុងអត្ថន័យអបរំ ខណៈពេលសង្គេតឃើញថា អ្នកលេងបណ្ដាញសង្គមមួយចំនួន ហាក់ប្រើប្រាស់ពាក្យពេចន៍ និងភាសាខ្មែរមិនបានត្រឹមត្រូវតាមវេយ្យករណ៍ នាំឲ្យជះឥទ្ធិពលដល់ក្មេងជំនាន់ក្រោយ។

ក្នុងនោះ លោក ដួង សុខគា ក៏បានបង្ហោះសំណេរបែបនេះថា៖ « អ្នកប្រើវោហាលើបណ្តាញសង្គមទាំងឡាយអើយ ជួយគិតគូរថែរក្សាភាសាជាតិផងណាលោកណា! អ្នកលក់ អ្នករាយការណ៍ ។ល។ កុំឱ្យខុសច្រើនពេកណាលោក! ដោយពាក្យទាំងនោះតែងតែលឺមានដូចជា៖ អរគុណជាមួយ ឆ្ងល់ជាមួយ ធ្វើការជេរ ធ្វើការយំ ធ្វើការស្លាប់ ធ្វើការដាក់អំបិល ធ្វើការណែនាំ និង ណែនាំផ្ទាល់ជាមួយ!។ល។ តើវេយ្យករណ៍ខ្មែរនៅឯណា? ក្មេងៗខាងក្រោយគ្នាគិតថាយើងចាស់ៗនិយាយត្រូវ ទើបគ្នាតាមយើងហើយ គ្នាប្រើភាសាជាតិខ្លួនឯងលែងត្រូវហើយ បើបែបៗនេះថ្ងៃខាងមុខខ្មែរនិយាយខ្មែរ ស្តាប់គ្នាលែងបានហើយ! »។

លោកក៏បានបន្ថែមទៀតថា៖ «ទំនិញខ្លះខ្ញុំចង់ទិញ ដល់ពេលបានស្តាប់អ្នកលក់ និយាយខ្មែរ មួយល្បះខុស បួនប្រាំកន្លែង! ធ្វើការៗៗៗ ផងដែរៗ ជាមួយៗៗ ផ្ទាល់ៗៗៗ ខ្ញុំក៏លែងចង់ទិញ លែងចង់មើល! រកអ្នកចេះឱ្យនិយាយ ឱ្យត្រូវផងទៅបានទេ?! និស្សិតរៀនភាសាខ្មែរ រៀនចប់ច្រើនណាស់! បើនិយាយខុសច្រើន បែបនេះ រលាយហើយភាសាយើង!សូមជួយគិតគ្នា!»។

ក្រោយពីបានឃើញនូវសំណេរនេះហើយ មានមហាជនជាច្រើនបានយល់ស្របទៅនឹងការលើកឡើងមួយនេះ ព្រមទាំងបញ្ចេញមតិយោលបល់តាមការយល់ឃើញរៀងៗខ្លួនផងដែរមានដូចជា (ស្អប់បំផុតពាក្យខ្ញុំទៅជា(ញ៉ុម) សូម្បីតែអ្នកចេះដឹងពិតប្រាកដមួយចំនួនធំក៏និយាយ ឬសសេរញ៉ុមដែរ និងពាក្យបងប្អូន ទៅជាបងអូន អស់ហើយ និងមានអ្នកខ្លះទៀតលើកឡើងថា៖ បច្ចុប្បន្នសិស្សកូនអ្នកមានលទ្ធភាពគេចូលសាលាឯកជនអន្តរជាតិ ដែលពុំសូវសង្កត់ធ្ងន់លើភាសាខ្មែរ ឯកូនអ្នកគ្មានលទ្ធភាពរៀនសាលារដ្ឋ ក៏ពុំសូវតឹងតែងខ្លាំង អញ្ចឹងទៅអក្ខរាវិរុទ្ធក៏ខ្សោយតាមហ្នឹងទៅម្យ៉ាងទៀតការអានសៀវភៅកាន់តែខ្សត់ទៅៗ មើលមិនឃើញមានសញ្ញាវិជ្ជមានណាមួយសោះ៕ សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស