TNAOT News
· 06-25
ជីវិតពិតជាមិនងាយស្រួលឡើយ ប្អូនស្រី សុខណា តស៊ូ រុញកូនតូចមានអាយុទើប៤ខែ មកលក់នំប៉ក់ពាជារៀងរាល់ថ្ងៃរហូតដល់យប់ជ្រៅ
#នំប៉ក់ពា# #ស៊ូ-ស៊ូ Fighting# #សង្គម# #សុខណា# #ព័ត៌មានសង្គម#
6893
ជីវិតរបស់មនុស្សយើងម្នាក់ប្រសិនជាកើតមក អាចមានជម្រើសសម្រាប់កំណត់វាសនារបស់ខ្លួនឯងបាននោះ មនុស្សម្នាក់ៗច្បាស់ជាជ្រើសរើសយកជីវិតមួយដែលស្រណុក សុខស្រួល គ្មានការលំបាកគ្រប់គ្នាបាត់ទៅហើយ! តែវាមិនអាចនោះឡើយ ហើយជាក់ស្តែងក៏គ្មានជម្រើសនោះដែរ ដូចជាប្អូនស្រី ថូ សុខណា ទើបតែអាយុ ២១ឆ្នាំ គឺជាបងស្រីច្បងនៅក្នុងគ្រួសារ ដែលត្រូវរកប្រាក់ចិញ្ចឹមម្តាយដែលមានជំងឺប្រចាំកាយផង និងជួយសងបំណុលធនាគារខ្លះផង ព្រមទាំងត្រូវបង់ថ្លៃសិក្សារបស់ប្អូនៗ ក៏ដូចជាចិញ្ចឹមជិវិតខ្លួនឯងផង បូករួមទាំងមានកូនតូចទើបតែអាយុ ៤ខែទៀតនៅក្នុងបន្ទុកផងដែរ។
ប្អូនស្រី ថូ សុខណា គឺជាអ្នកលក់នំប៉ក់ពា នៅក្បែរអនុវិទ្យាល័យ ចតុមុខ រយៈពេលជិត១០ឆ្នាំមកហើយដែលប្រកបរបរនេះ។ វិថីជីវិតជាអ្នកលក់នំប៉ក់ពា ពិតជាមិនងាយស្រួលឡើយសម្រាប់ប្អូនស្រីម្នាក់នេះ ដោយសារត្រូវចេញពីផ្ទះមកលក់តាំងពីម៉ោង ៣រសៀល ដល់ម៉ោង១២ ឬអាចឈានដល់ម៉ោង១យប់រំលងអាធ្រាតក៏មានដែរ ហើយត្រូវរុញកូនតូចដែលមានអាយុទើបតែ៤ខែ មកលក់ជាមួយដោយតម្រូវឲ្យគេដេកនៅលើរទះរុញហាលខ្យល់ ហាលភ្លៀងជាមួយម្តាយជាប្រចាំ។ ចំណែកឯឥរ៉ាន់លក់វិញត្រូវផ្ញើនៅនឹងគេ និងបង់ប្រាក់ឲ្យគេជាប្រចាំខែ បើថ្ងៃខ្លះលក់ដាច់គឺអាចរកបានប្រាក់ប្រហាក់ប្រហែល ១២ម៉ឺនរៀល តែថ្ងៃខ្លះអត់ដាច់វិញ រកតែប្រាក់២ម៉ឺនរៀលសម្រាប់ទិញទឹកដោះគោ និងខោទឹកនោមឲ្យកូនស្ទើរមិនបានផង ហើយខាតដើមទៀត ដោយសារតែសំបកនំ និងស្នូលផ្អែមនំប៉ក់ពានេះ ត្រូវរក្សាទុកក្នុងទូរទឹកកកជាប្រចាំ តែចំពោះប្អូនស្រីវិញគឺមិនមានទូរទឹកកកសម្រាប់រក្សាទុកឡើយ ពោលប្អូនយកពីឈ្មួញកណ្តាលមកលក់តែបន្តិចបន្តួចនោះទេ បើនៅសល់វិញគឺត្រូវបោះចោលតែម្តង។នៅពេលដែល សុខណា បានជួបជាមួយក្រុមការងារសារព័ត៌មាន TNAOT ប្អូនស្រីបាននិយាយប្រាប់ទាំងអួលដើមក និងមានទឹកភ្នែកដក់ក្នុងកែវភ្នែកបែបនេះថា៖ រាល់ថ្ងៃមិនមានសមាជិកក្នុងក្រុមគ្រួសារណាម្នាក់ដែលអាចជួយសម្រាលបន្ទុករបស់ប្អូនស្រីបានឡើយ សូម្បីតែស្វាមីក៏មិននឹកនាជួយរកស៊ីចិញ្ចឹមប្រពន្ធកូន និងមើលថែកូនតូចម្នាក់នេះឡើយ ទាំងដែលរាល់ថ្ងៃនេះប្តីរបស់ប្អូនមិនមានការងារធ្វើ គិតតែចេញពីផ្ទះជួបពួកម៉ាកផឹកស៊ីតែប៉ុណ្ណោះ។ ក្នុងនាមជាប្រពន្ធដែលមានចិត្តអាណិតស្វាមី ហើយនិយាយច្រើនមិនបានទៀត ព្រមទាំងក្នុងចិត្តខ្លាចស្វាមីបែកឆ្វេងទៅដើរផ្លូវខុសទៀតនោះ ប្អូនស្រី បានជ្រើសរើសការនៅស្ងៀម មិនមាត់មិនករ និងតាំងចិត្ត តស៊ូប្រឹងប្រែងជាមួយកូនតូចទាំងខ្លួនឯងឈឺ និងជា ដោយមិនហ៊ានរកពេលសម្រាកមួយថ្ងៃណាឡើយ។ ប្រសិនជាអាចនាងពិតជាមិនចង់ធ្វើជាមនុស្សស្រីទេ ព្រោះធ្វើការងារច្រើនជាមនុស្សប្រុស និង មិនអាចនិយាយអ្វីដែលខ្លួនឯងចង់និយាយបានឡើយ។
ឆាកជីវិតរបស់ប្អូនស្រីទើបតែ ២១ឆ្នាំ និងមានស្វាមីដែលមិនចេះផ្តល់ការមើលថែ និងទំនុកបម្រុងបានត្រឹមត្រូវម្នាក់នេះ ពិតជាជួបទុក្ខលំបាកស្ទើរតែរកពាក្យថ្លែងពុំបានមែន ថ្ងៃខ្លះលក់មិនដាច់នោះ ប្អូនស្រីធ្លាប់ញាំពងទាជាមួយទឹកត្រីសម្រាប់ចម្អែកក្រពះក៏មានដែរ ដែលទង្វើនេះគឺដើម្បីកូនស្រីតូចតែម្នាក់គត់ ដោយសារតម្រូវការចាំបាច់ត្រូវចំណាយទិញទឹកដោះគោ និងខោទឹកនោមឲ្យកូនជាប្រចាំ។
ទោះបីជាមានទុក្ខលំបាកយ៉ាងណាក្តី ប្អូនស្រី សុខណា បានតាំងចិត្ត និងខាំមាត់សង្កត់ចិត្ត លែងគិតពីគំនិតអវិជ្ជមានទាំងឡាយ ខំប្រឹងរស់រាន តស៊ូបន្តទៀត ត្បិតសព្វថ្ងៃរស់នៅទាំងវេទនា និងខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃក៏ដោយ។ យ៉ាងណាមិញស្នាមញញឹមរបស់កូន ក៏ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ឲ្យប្អូនស្រីបន្តតស៊ូក្នុងជីវិតរហូតមកដល់សព្វថ្ងៃនេះដែរ។
ដូច្នេះពីសារព័ត៍មាន TNAOT យើងខ្ញុំសូមផ្តល់កម្លាំងចិត្តដល់ សុខណា ស៊ូ-ស៊ូ and Fighting! និងសូមជូនពរឲ្យប្អូនស្រីមានកម្លាំងកាយ និងសុខភាពល្អ ដើម្បីមើលថែ ក៏ដូចជាចិញ្ចឹមបីបាច់កូនស្រី ឲ្យរស់រានមានជីវិតល្អ រហូតដល់គេធំដឹងក្តី និងមានអាយុចូលរៀនបានដើម្បីក្រេបយកចំណេះវិជ្ជា ដែលនឹងអាចបំពេញការងារបានប្រាក់ខែខ្ពស់សម្រាប់ចិញ្ចឹមម្តាយវិញនាពេលអនាគត៕ ប្រែសម្រួលដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រឿងសំខាន់ទាំង ៣ ដែលអ្នកគួរតែធ្វើ បើនៅថ្ងៃណាមួយអ្នកយល់ថា ជីវិតអ្នកលែងសល់អ្នកណានៅក្បែរទៀត
ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតឡើយ តែចុងក្រោយ ជីវិតនេះវាក៏គ្មានន័យ ប្រសិនបើយើងមិនអាចរកបានមនុស្សម្នាក់កាន់ដៃរួមដំណើរជីវិត
ស្កប់ស្កល់ណាស់ហើយ ជីវិតនេះឱ្យតែអាចបំពេញនូវលក្ខខណ្ឌទាំង ៣ នេះបាន គ្មានអ្វីដែលធ្វើឱ្យទាស់ចិត្តទៀតទេ
៦ យ៉ាងមានតម្លៃបំផុតនៅលើលោកនេះ ដូច្នេះ គ្រប់គ្នាត្រូវតែចេះថែរក្សាឱ្យបានល្អ កុំឱ្យបណ្ដោយឱ្យបាត់បង់ឱ្យសោះ
យោបល់ទាំងអស់ (0)