TNAOT News

· 05-09

របៀបតុបតែងខ្លួនដ៏លេចធ្លោជាងគេរបស់តារាល្បីឈ្មោះ១០រូបចូលរួមក្នុងកម្មវិធី Met Gala 2024

#New York# #កម្សាន្ត# #តារាអន្តរជាតិ# #DEVELOPING NEWS# #សហរដ្ឋអាមេរិក#

3647

កម្មវិធី Met Gala បានប្រព្រឹត្តឡើងជាថ្មីម្តងទៀតនៅឯសារមន្ទីរ The Metropolitan Museum Of Art នាទីក្រុង New York សហរដ្ឋអាមេរិក ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ ២០២៤នេះ ប្រមូលផ្តុំដោយតារាសម្តែង អ្នកចំរៀង អ្នកជំនួញ និង ធុរជនល្បីៗបានអញ្ជើញមកចូលរួម និងបានរៀបចំច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗក្រោមប្រធានបទ Sleeping Beauties និង Reawakening Fashion។យ៉ាងណាមិញកម្មវិធី Met Gala 2024 ត្រូវបានមើលឃើញមានតារាប្រុស-ស្រីល្បីឈ្មោះ ១០ រូបហាក់មានភាពលេចធ្លោនិងប្លែក បែបច្នៃប្រឌិតជាងគេ ព្រមទាំងក្លាយជាទីចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម ដោយពួកគេបានច្នៃម៉ូតសម្លៀកបំពាក់ប្លែកភ្នែក ទាំងការផាត់មុខ ស្ទាយ៍សក់ ពោលគឺមើលទៅស្រស់ស្អាត និងស័ក្តិសមបំផុតមិនចេះស៊ាំ ជាមួយនឹងប្រធានបទតែម្តង។ តារាប្រុស-ស្រីល្បីឈ្មោះទាំង១០នោះរួមមាន៖ ទី១. Cardi B៖ គ្រងឈុតរ៉ូបស្បៃពណ៌ខ្មៅវែង និងលាតសន្ធឹងដ៏ធំ ថែមទាំងយកស្បៃមករុំនៅលើក្បាល ដើម្បីបង្កើនសម្រស់កាន់តែប្លែក និងទាក់ទាញ។ ២. Elle Fanning ៖ គ្រងឈុតរ៉ូបថ្លាចាំងពន្លឺនិងបន្ថែមរូបសត្វចាបនៅលើស្មាទាំងសងខាង បង្អួតសម្រស់ដូចជាព្រះនាងតូច។ ៣. Nicki Minaj៖ គ្រងឈុតរ៉ូបពណ៌លឿងទុំ ត្រឹមជង្គង់ អមជាមួយផ្កាជ័រច្រើនចម្រុះពណ៌ មើលមួយភ្លែតប្រៀបដូចជាតុក្កតា Barbie អ៊ីចឹង។ ៤. Zendaya៖ គ្រងឈុតរ៉ូបវែងអូសដីពណ៌ខ្មៅ បន្ថែមផ្កាក្រដាសមួយបាច់ច្នៃពាក់នៅលើសក់ ដើម្បីបង្កើនសម្រស់ និងភាពខុសប្លែកពីតារាផ្សេងៗ។

៥. Lana Del Rey៖ គ្រងឈុតរ៉ូបពណ៌ទឹកមាសស្រាលដែលរំលេចនូវមែកឈើជ័រពេញមួយតួខ្លួន និងបន្ថែមស្បៃគ្របមុខមួយទៀត ឈុតនេះហាក់សាមញ្ញបន្តិចប៉ុន្តែមិនធម្មតានោះទេ។ ៦. Tyla៖ ប្លែកឈ្នះដាច់គេ ខណៈរ៉ូបរបស់នាងបានយកខ្សាច់មកបិតពីលើពេញមួយតួខ្លួនតែម្តង បង្កើនភាពឆ្ងល់និងមានសំនួរជាច្រើនថាតើអ្នកច្នៃម៉ូដធ្វើដូម្តេចទើបចេញបែបនេះ។ ៧. Sydney Sweeney៖ មើលស្ទើរតែមិនចង់ស្គាល់ខណៈនាងបានផ្លាស់ប្តូរម៉ូតសក់ ដើម្បីឲ្យសាកសមជាមួយរ៉ូបពណ៌ទឹកសមុទ្រលម្អនូវផ្កាតូចៗរាប់រយទង ដើម្បីបង្កើនភាពលេចធ្លោមួយកម្រិតទៀត។ ៨. Gigi Hadid៖ គ្រងឈុតរ៉ូបពណ៌សសំយេះស្មា វែងអូសដីដោយរំលេចនូវផ្កាពណ៌លឿងជាច្រើនទងជួយបង្កើនសម្រស់កាន់តែអស្ចារ្យផងដែរ។

៩. Camila Cabello៖ គ្រងឈុតរ៉ូបពណ៌ទឹកប្រាក់ជាមួយនឹងការបាក់ឌិនត្បូងគ្រីស្តាល់ជាច្រើនគ្រាប់នៅលើនោះ មើលទៅពិតជាស្រស់ស្អាតនិងលេចធ្លោ ព្រមជាមួយកាបូបតូចដែលជាដុំទឹកកកមានផ្កាកុលាបកកខាងក្នុងមួយទង។ ១០. Altonmason៖ ជះរាងសង្ហាខ្លាំងណាស់ ខណៈគ្រងឈុតអាវធំ និងខោពណ៌ខ្មៅដែលមានសាច់ក្រណាត់សសៃអំបោះ ជាមួយនឹងក្រណាត់សូត្រសុទ្ធពណ៌ខ្មៅក្រវាត់ចង្កេះ អមជាមួយអាវធំពីលើមួយទៀត។ ដូច្នេះហើយទើបធ្វើឲ្យកម្មវិធី Met Gala ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែទទួលបានប្រជាប្រិយភាព និង មានអ្នកចូលរួមច្រើន ដោយសារ Concept កម្មវិធី និង ប្រធានបទនីមួយៗគឺប្លែករៀងរាល់ឆ្នាំតែម្តង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)