TNAOT News

· 04-27

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

#សម្តេចតេជោ ហ៊ុន សែន# #ព្រែកជីកហ្វូណនតេជោ# #ផ្លូវថ្មើរជើង# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #លោកជំទាវ ចម និម្មល# #ព័ត៌មានសង្គម#

8292

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. សម្តេចតេជោ អំពាវនាវជនរួមជាតិកម្ពុជា គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ជនរួមជាតិទាំងអស់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាម តាមរយៈនៃការដឹកជញ្ជូនតាមផ្លូវទឹក។ នេះបើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា។

២​. ផ្លូវថ្មើរជើងក្នុងខណ្ឌដូនពេញ នឹងចាប់ផ្តើមសាងសង់នៅដើមខែឧសភា

ផ្លូវថ្មើរជើងរាជធានីភ្នំពេញ មានទំហំ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជាកន្លែង Pub Street​ ផងនោះ គ្រោងនឹងរៀបចំសាងសង់នៅដើមខែឧសភា​ ឆ្នាំ២០២៤​ ដើម្បីបម្រើឱ្យភ្ញៀវជាតិ អន្តរជាតិ​ បានមកទិញទំនិញ​ និងដើរលេងកម្សាន្តពេលយប់ ហើយគម្រោងនេះនឹងរៀបចំឱ្យបានរួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥។

៣. លោកជំទាវ ចម និម្មល បញ្ជាក់ពីភាពរីកចម្រើននៃវិស័យយានយន្តលើទីផ្សារនៅកម្ពុជា

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានចូលរួមថ្លែងសុន្ទកថាក្នុងពិធីសម្ពោធ “ពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤” ដែលរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត នៅមជ្ឈមណ្ឌលដឹព្រឺមៀរសេនធ័រ សែនសុខ។

៤. ប្រទេសទូទាំងអាស៊ីនៅបន្តកើនឡើងកម្តៅខ្លាំង ដោយសារតែបាតុភូតអាកាសធាតុ El Nino

ប្រជាជនរាប់លាននាក់នៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍បន្តកើនឡើងកម្តៅដោយអាកាសធាតុក្តៅខ្លាំង។ កម្តៅក្តៅខ្លាំងបានបង្ខំឱ្យសាលារៀនទូទាំងប្រទេសបង់ក្លាដែស និងហ្វីលីពីន ផ្អាកថ្នាក់រៀនផ្ទាល់នៅសប្តាហ៍នេះ ហើយបានជំរុញឱ្យរដ្ឋាភិបាលចេញការព្រមានអំពីសីតុណ្ហភាពកើនឡើងខ្ពស់។

៥. ព្រះសង្ឃសាវលីញ Shi Yanheng កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីមហាជនគ្រប់ជាតិសាសន៍

បណ្តាអ្នកគាំទ្រ និងមហាជននិយមលេងបណ្ដាញសង្គមប្រាកដជាបានទស្សនាវីដេអូខ្លីរបស់ព្រះសង្ឃសាវលីញជាច្រើនអង្គ ដែលនិមន្តមកពីខេត្ត ហឺណាន ប្រទេសចិន ដោយផ្សព្វផ្សាយអំពីក្បាច់គុនសាវលីញ នៅលើទឹកដីនៃប្រាសាទអង្គវត្ត ឱ្យពិភពលោកបានឃើញ និងស្ញប់ស្ញែងរួចមកហើយ។ក្នុងនោះមានព្រះសង្ឃសាវលីញមួយអង្គនាម ​Shi Yanheng ជាសង្ឃដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនគ្រប់ជាតិសាសន៍នៅលើបណ្ដាញសង្គមនានា ដោយសារតែភាពលេចធ្លោនូវព្រះកាយមាំមួន ភាពក្លាវក្លា និងថែមទាំងសម្តែងបានយ៉ាងរស់រវើក និងអស្ចារ្យនូវក្បាច់គុនសាវលីញ ដែលមានអាយុកាលដ៏ចំណាស់របស់ប្រទេសចិននេះ។

៦. កុមារ ៩៥នាក់ ត្រូវបានជួយសង្គ្រោះពីការជួញដូរខុសច្បាប់នៅប្រទេសឥណ្ឌា

កុមារប្រមាណ ៩៥នាក់ ដែលមានអាយុចន្លោះពី ៤ទៅ ១២ឆ្នាំ ត្រូវបានជួយសង្គ្រោះនៅរដ្ឋUttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា នៅពេលដែលពួកគេ កំពុងត្រូវបានជួញដូរដោយខុសច្បាប់ពីរដ្ឋ Bihar ដែលនៅជិតខាងនោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រី ក្នុងតំបន់នាថ្ងៃសៅរ៍នេះ។

៧. កម្ពុជា ទទួលបានមេដាយ ៧គ្រឿង ពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ

អបអរសាទរ! ក្រុមកីឡាករ-កីឡាការិនី កីឡាការ៉ាតេកម្ពុជា រកបានមេដាយសរុប ០៧គ្រឿង ក្នុងនោះមេដាយប្រាក់០១ និងសំរឹទ្ធ០៦ ពីការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានបញ្ចប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

៨. សម្តេចតេជោ៖ ព្រះមហាក្សត្រប្រុយណេនិងយាងមកដល់កម្ពុជា ដើម្បីជួបសំណេះសំណាលព្រមទាំងទទួលទានអាហារពេលព្រឹក

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ប្រសិនពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃ ២៩ មេសាខាងមុខនេះព្រះមហាក្សត្រប្រុយណេ ព្រះអង្គនិងយាងមកដល់កម្ពុជា ដែលខ្ញុំនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។

៩.ករណីភ្លើងឆេះផ្ទះសំណាក់មួយកន្លែងនៅភាគខាងត្បូងប្រទេសប្រេស៊ីល ដោយសម្លាប់មនុស្ស១០នាក់

ភ្លើងបានបំផ្លាញផ្ទះសំណាក់មួយដែលទុកសម្រាប់ជនអនាថានៅភាគខាងត្បូងប្រទេសប្រេស៊ីល សម្លាប់មនុស្សយ៉ាងតិច១០នាក់។ អគ្គីភ័យបានឆាបឆេះកាលពីព្រឹកថ្ងៃសុក្រក្នុងទីក្រុង Porto Alegre ។ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ១៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

១០. តុលាការអ៊ុយក្រែនបញ្ជាឱ្យឃុំខ្លួនរដ្ឋមន្ត្រីកសិកម្មទាក់ទិនរឿងអាស្រូវពុករលួយជាង ៧លានដុល្លារ

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Mykola Solsky ដែលបានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ជុំវិញរឿងអាស្រូវនៃការជាប់ពាក់ព័ន្ធក្នុងការទិញដីរដ្ឋដោយខុសច្បាប់មានតម្លៃប្រមាណ ៧លានដុល្លារ នោះបានកំណត់ប្រាក់ធានារបស់គាត់ចំនួន ១,៩លានដុល្លារ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស